គណៈប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ចុះពិនិត្យទីតាំដីមានជម្លោះស្ថិតនៅចំនុចភ្នំកេះ


ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គណប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ដឹកនាំដោយឯកឧត្តម លឹម ហោ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រួមដំណើរដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន លោកអភិបាលរងស្រុកសាលាក្រៅ លោក-លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ មន្រ្តីរាជការ និងក្រុមអ្នកសារព័ត៌មានក្នុងខេត្តប៉ៃលិន មួយចំនួនទៀត បានចុះពិនិត្យមើលទីតាំដីមានជម្លោះស្ថិតនៅចំនុចភ្នំកេះ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ទំនាស់ដីនៅចំណុចជើងភ្នំកេះនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ រវាងលោក យស់ សារាវុធ ហៅ សាយប៉ូច និងលោកស្រី ទេព វ៉ារី លើដីទំហំ ៥ហិចតា និងប្រជាពលរដ្ឋចំនួន១១គ្រួសារផ្សេងទៀត ដែលដីទាំងអស់នេះ គឺនៅលើដីបម្រុងទុករបស់រដ្ឋបាលព្រៃឈើ ដែលមានទំហំសរុបចំនួន២០០ហិចតា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា កន្លងមករដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ជំរុញការដោះស្រាយទំនាស់នេះអោយបានឆាប់រហ័ស អាចទទួលយកបានទាំងអស់គ្នា។ ឯកឧត្តមបានបន្តថា កន្លងមកនេះ ឯកឧត្តមផ្ទាល់ ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានចុះទៅដល់កន្លែងដីទំនាស់នោះចំនួន ៥ដង រួចមកហើយ និងបានពិនិត្យ វាស់វែងកំណត់ព្រំប្រទល់ដីដែលមានទំនាស់ និងដីពាក់ព័ន្ធទាំងអស់រួចរាល់ហើយដែរ រង់ចាំសុំគោលការពីថ្នាក់លើ ដើម្បីដោះស្រាយអោយចប់រួចរាល់ជាកញ្ចប់តែម្តង។

ឧកឧត្តម លឹម ហោ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានមានប្រសាសន៍ថា ក្រោយពីចុះពិនិត្យជាក់ស្តែងនៅចំណុចដីមានទំនាស់នេះរួចហើយ នឹងឈានដល់ការប្រជុំដោះស្រាយបន្តទៀត ជាមួយភាគីពាក់ព័ន្ធទាំងអស់ ពិសេសជាមួយ ឈ្មោះយស់ សារាវុធ ហៅ សាយប៉ូច និង ទេព វ៉ារី តែម្តងនៅថ្ងៃវេលាស្អែក ពោលគឺនៅថ្ងៃទី៤ ខែមេសាឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន។ ឯកឧត្តមបន្តទៀតថា គួរអោយប្លែកចំពោះករណីទំនាស់ដីធ្លីនេះ ដោយសារគូទំនាស់ទាំងអស់ កំពុងឈ្លោះគ្នាដណ្តើមដីបម្រុងទុករបស់រដ្ឋ ដែលកំពុងកាន់កាប់ដោយរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ បើតាមលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា មុនដំបូងលោកស្រី ទេ ព វ៉ាវី បានទិញដីចំនួន៨ហិកតា នៅលើដីតំបន់អភិរក្សព្រៃឈើជាប់នឹងផ្លូវលំមួយ ហើយក្រោយមកដោយមានការពាក់ព័ន្ធច្រើនពេក ក៏ប្តូរពីដីនេះ ទៅយកដីក្បែរជើងភ្នំកេះវិញ ដែលមានទំហំរហូតដល់ ១៥ហិកតា ឯណោះ ហើយក៏ជាដីរបស់រដ្ឋបាលព្រៃឈើដដែល ។ លោកបន្តទៀតថា នឹងខិតខំដោះស្រាយតាមផ្លូវច្បាប់ ដើម្បីរឹបអូសយកដីទាំងនោះមកវិញ សំរាប់រៀបចំធ្វើជាកន្លែងបណ្តុះកូនឈើ និងគំរោងជាច្រើនផ្សេងទៀត៕

ដោយ៖ ​វួច ពឿន