ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលកន្លងទៅ ចំនួន៩១គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន


ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាប៉ៃលិន រួមដំណើរដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ឯកឧត្តម គង់ ដួង ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ទៅជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលកន្លងទៅ ក្នុងភូមិចំនួន៧ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលសរុបចំនួន៩១គ្រួសារ ក្នុងនោះមាន ភូមិអណ្តូងថ្ម ភូមិអូរឈើក្រំ ភូមិផ្សារព្រំជើង ក្នុងឃុំស្ទឹងកាច់ និងមាន ភូមិកូនដំរី ក្នុងឃុំស្ទឹងត្រង់ និងភូមិកោះកែវ និងភូមិស្រែអន្ទាក់ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងគ្រោះមានៈ ធ្ងន់ធ្ងរ២១គ្រួសារ, រងគ្រោះមធ្យម១៩គ្រួសារ, និងស្រាល៥១គ្រួសារ។ ការចែកអំណោយនេះបានធ្វើឡើងចំនួន ៣ទីតាំង មាន៖ ឃុំស្ទឹងត្រង់ចំនួន៤៧គ្រួសារ , ឃុំសាលាក្រៅចំនួន ២៧គ្រួសារ,និងឃុំស្ទឹងកាច់ចំនួន១៧គ្រួសារ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះនូវគ្រោះមហន្តរាយនេះ និងសូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើផ្ទះសំបែងអោយបានមាំទាំ និងប្រយ័ត្នចំពោះបញ្ហាផ្គររន្ទះ ពិសេសត្រូវចេះថែទាំសុខភាព ដោយខែនេះជារដូវក្តៅ សីតុណ្ហភាពឡើងកម្តៅខ្ពស់ ធ្វើកូនចៅជួបនូវជម្ងឺផ្សេងៗ។

សូមបញ្ជាក់ថា៖ អំណោយដែលបាននាំទៅចែកជូនដល់បងប្អូនជនរងគ្រោះដោយខ្យល់កន្រ្តាក់នាពេលនោះគឺ ក្នុងគ្រួសារៗទទួលបាន៖អង្ក ៣០kg មុង១ ត្រីខ១០កំប៉ុង មី៣០កញ្ចប់ សារុង១ អាវ១ និងថវិកា ២២ម៉ឺនរៀលសំរាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ, ១២ម៉ឺនរៀលសំរាប់គ្រួសាររងគ្រោះមធ្យម, និង ៧ម៉ឺនរៀលសំរាប់គ្រួសាររងគ្រោះស្រាល៕ វួច ពឿន