ប្រតិភូគណៈកម្មាការទី៧នៃរដ្ឋសភាអញ្ជើញចុះសិក្សាស្វែងយល់ និងជំរុញការអភិវឌ្ឍលើ វិស័យយអប់រំ យុវជន និងកីឡា វប្បធម៌ និងវិចិត្រសីល្បៈ ទេសចរណ៍ និងវិស័យធម្មការ និងសាសនា នៅក្នុងខេត្តប៉ៃលិន


ព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩  ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ បាន ស្រីមុំ អនុប្រធានគណកម្មាការ បានដឹកនាំគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិន សិក្សាស្វែងយល់ និងជំរុញការអភិវឌ្ឍពីវិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិចិត្រសីល្បៈ , វិស័យទេសចរណ៍, និងវិស័យធម្មការ និងសាសនា នៅក្នុងខេត្តប៉ៃលិន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះមាន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធទាំង៤ មានមន្ទីរយអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ មន្ទីរទេសចរណ៍ និងមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភាបានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺមិនមែនមកចាប់កំហុសឆ្គងដោយប្រការណាមួយរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធនោះទេ តែគឺដើម្បីសិក្សាស្វែងយល់ពីរបៀបរបបនៃការធ្វើការងារ ការលំបាក ការងាយស្រួល និងបញ្ហាប្រឈមនានានៃការអនុវត្តកិច្ចការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យពាក់ព័ន្ធ សំរាប់ការផ្តល់ជាអនុសាសន៍កែលម្អ ចែករំលែកនូវបទពិសោធ និងពាំនាំបញ្ហាទាំងឡាយរបស់មន្ទីរអង្គភាព យកទៅពិចារណាដោះស្រាយនៅថ្នាក់ជាតិបន្តទៀត ដែលជាការជួយពន្លឿនការអភិវឌ្ឍន៍លើវិស័យទាំងនោះ អោយស្របទៅនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍ពីសមិទ្ធផលការងារដែលខេត្តសម្រេចបាននាពេលកន្លងមក ដែលក្នុងនោះឯកឧត្តម បានលើកឡើងពីការខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ការខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ខេត្តអោយមានការរីកចំរើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសោភ័ណភាពខេត្ត ការកែលម្អលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផងដែរ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរពាក់ព័ន្ធទាំងបួន,  គណៈកម្មការទី៧ បានកត់សម្គាល់ពីភាពរីកចម្រើនរបស់ខេត្តប៉ៃលិន ពិសេសវិស័យអប់រំក្នុងខេត្តប៉ៃលិន និងបានវាយតម្លៃខ្ពស់ចំពោះយន្តការគ្រប់គ្រង និងយុទ្ធសាស្ត្រជាក់ស្តែងដែលលោកប្រធានមន្ទីរអប់រំបានអនុវត្តកន្លងមក។ ទន្ទឹមនឹងនេះ គណៈកម្មការទី៧ ក៏បានផ្តោតការពិភាក្សាបន្ថែមលើការលើកកម្ពស់គុណភាពអប់រំនៅក្នុងសាលារៀនតាមបណ្តោយព្រំដែន​ និងតំបន់ដាច់ស្រយាល ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានឆ្លៀតឱកាសចែករំលែកពីបទពិសោធន៍របស់ខេត្តផ្សេងៗកន្លងមក និងបានលើកទឹកចិត្តឱ្យលោកប្រធានមន្ទីរជំរុញ​ និងបង្កើនគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ  តាមរយៈការរៀបចំជាវគ្គបំប៉ន ឬវគ្គចែករំលែកវិធីសាស្ត្រ និងគន្លឹះនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ ជូនដល់លោកគ្រូ អ្នកគ្រូជំនាន់ក្រោយ ដើម្បីយកពុទ្ធិទាំងនោះមកអភិវឌ្ឍសមត្ថភាពខ្លួន ក្នុងការបង្រៀនជូនដល់ប្អូនៗសិស្សានុសិស្សអោយកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិននេះផងដែរ លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានស្នើឱ្យមន្ទីរអប់រំពង្រឹងការចុះអធិការកិច្ចតាមសាលា អោយបានទៀងទាត់ ហើយធ្វើយ៉ាងណាស្វែងយល់ពីទុក្ខលំបាករបស់លោកគ្រូ អ្នកគ្រូ ហើយបន្តលើកទឹកចិត្តពួកគាត់ ដើម្បីឱ្យពួកគាត់មានទឹកចិត្តរួមគ្នាផ្តល់ការអប់រំកូនៗ ដែលជាអនាគតរបស់ខេត្តប៉ៃលិន ។ ទន្ទឹមនឹងនោះ លោកជំទាវ ក៏បានសំណូមពរអោយរដ្ឋបាលខេត្ត និងមន្ទីរអប់រំសហការគ្នា ថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងសំណង់អគារនានាដែលជាអំណោយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានា ដើម្បីជាការតបស្នងទឹកចិត្តគាំទ្រ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំក្នុងខេត្តប៉ៃលិនទាំងមូល។

គួររំលឹកផងដែរថា ខេត្តប៉ៃលិន គឺជាខេត្តទី១៤ ហើយដែលប្រតិភូគណៈកម្មការអប់រ យុវជន​ កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានចុះបំពេញបេសកកម្ម៕ ដោយ៖ វួច ពឿន