សម្តេច ស៊ីសុវត្ថ ពង្សនារី មុនីពង្ស ព្រះរាជតំណាងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងកាត់ឫសសីមាព្រះវិហារថ្មី នៅវត្តសន្តិមារាម


ថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ សម្តេច ស៊ីសុវត្ថ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោក-លោកស្រីប្រធាន អនុប្រថានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សប្បុរស់ជន និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានយាង និមន្ត និងអញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានអានសន្ទរកថាស្វាគមន៍ បង្ហាញអំពីការរីកចមរើនគ្រប់វិស័យនៅក្នុងខេត្តប៉ៃលិន ជាពិសេសវិស័យព្រះពុទ្ធសាសនា មានការរីកចំរើនគួគាត់សំគាល់ តួយ៉ាងដូចជាវត្តសន្តិមារាមនេះជាដើម។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដីការថា៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ត្រូវបានរក្សា ការពារ ដោយរដ្ឋាភិបាល និងមានប្រជាពលរដ្ឋជាង៨០% គោរពប្រណិបត្តតាមព្រះពុទ្ធសាសនា។ ទោះបីព្រះពុទ្ធសាសនាមានពីរ   គណៈនិកាយ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺគណៈធម្មយុត្តិកៈនិកាយ និងគណៈមហានិកាយ តែមានគោលដៅរួមគឺ អប់រំពុទ្ធបរិស័ទអោយមានសទ្ធាជ្រះថ្លា ប្រព្រឹត្តនូវអំពើល្អ មានសន្តិសុខទាំងផ្លូវចិត្ត ផ្លូវកាយ ដែលជាការរួមចំណែកក្នុងការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងការអភិវឌ្ឍសង្គមជាតិរបស់យើងអោយមានការរីកចំរើន។ សម្តេចសង្ឃរាជក៏បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវមានស្មារតីសាមគ្គីភាពគ្នាអោយបានល្អ មិនត្រូវមានការបែងចែករវាងគណៈនិកាយទាំងពីរនោះឡើយ តែត្រូវរួមគ្នាអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាអោយបន្តរីចំរើនទៅមុខទៀត ដែលជាប្រយោជន៍សំរាប់ប្រទេសជាតិ ប្រជាជនទាំងអស់។

សម្តេច ស៊ីសុវត្ថ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្តីនឹងរលឹក ព្រមទាំងពរជ័យមហាប្រសើអំពីព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវរៈរាជមាតាជាតិខ្មែរជាទីកោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំ ផុតមកថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនឯកឧត្តម លោកជំទាវ ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តប៉ៃលិន។ សម្តេចក៏បានសម្តែងថ្វាយ ការកោតសរសើដល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលបានដឹកនាំអោយមានការកសាងសមិទ្ធិផលនានានៅវត្តសន្តិមារាមនេះ និងកោតសរសើព្រះចៅអធិការវត្តសន្តិមារាម ដែលបានរៀបចំចែត់ចែងអោយមានសោភ័ណភាពល្អនៅក្នុងវត្តសន្តិមារាមនេះ និងសូមអរគុណឯកឧត្តម អ្នកឩកញ៉ា សប្បុរស់ជនដែលបានចូលរួមចំណែកកសាងព្រះវិហាវត្តសន្តិមារាមនេះ។

សូមបញ្ជាក់ថា៖ ព្រះវិហារថ្មីក្នុងវត្តសន្តិមារាមនេះ មានទំហំទទឹង ១២ម៉ែត្រ និងបណ្តាយ២៤ម៉ែត្រ ចំណាយថវិកាសាងសង់អស់ចំនួន ២៣៥០០០$ ៕ ដោយ៖ វួច ពឿន