ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយ អំពីវិធានការណ៍ចាំបាច់នានា សម្រាប់ទប់ទល់សភាពការណ៍កម្ពុជាបច្ចុប្បន្ន


ថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពី​វិធានការណ៍ចាំបាត់នានា សម្រាប់ទប់ទល់នឹងសភាពការណ៍បច្ចុប្បន្នរបស់ប្រទេសកម្ពុជា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានទូទាំង​ខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយមូលដ្ឋាន​ខេត្ត​ប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាអនុប្រធានអចិន្ត្រៃយ៍​ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្សព្វផ្សាយ អំពីវិធានការណ៍ចាំបាច់នានា សំរាប់ទប់ទល់ជាមួយផែនការសកម្មភាព របស់ជនក្បត់ជាតិ សម រង្ស៊ី ដែលតែងតែញស់ញង់ ឱ្យមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សកម្មភាពនេះស្តែងឡើងតាមរយៈការគៀងគរប្រជាពលរដ្ឋ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ពិសេសក្រុមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការ, អោយមកហែរហមអមអំណើរទណ្ឌិត សម រង្សី ចូលប្រទេសកម្ពុជាវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះក្រុម ជនទាំងឡាយណា ដែលមានគំនិតចូលរួមក្នុងផែនការ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការប្រកាស អូសទាញរបស់ទណ្ឌិត សម រង្ស៉ី។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយមូលដ្ឋាន​ខេត្ត​ប៉ៃលិន​បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត/ក្រុង/ ស្រុក/ឃុំ/សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ ដែលជ្រុលផុងខ្លួន ជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី និងសូមភ្ញាក់រលឹកចូលខ្លួនសារភាព គឺមិនមានទោសពៃអ្វីនោះឡើយ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ បុគ្គលទាំងឡាយណា ដែលធ្វើខុសច្បាប់ បើនៅតែមិនភ្ញាក់រលឹក បន្តចូលរួមធ្វើសកម្មភាពនានា ជាមួយជនក្បត់ជាតិ សម រង្ស៊ី ដែលចង់អោយកម្ពុជាចលាចល ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មីទៀតនោះ នឹងមានទោសជាប់ពន្ធនាគារ ចាប់ពី ពី៥ ទៅ១០ឆ្នាំ សំរាប់ប្រជាពលរដ្ឋ ,​ចំណែកមន្ត្រីរាជការវិញ គឺចាប់ពី១០ឆ្នាំ ទៅ២០ឆ្នាំ ដោយគ្មានការលើកលែងនោះឡើយ។ ឯកឧត្តម អ៊ី ឈាន ក៍មានប្រសាសន៍អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំឱ្យជឿតាមការញុះញង់ ឬការបំផុសបំផុល អូសទាញណាមួយ ពីសំណាក់ជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ សម សង្សី និងបក្សពួក ហើយចូលរួមពិសារ អំបុកសាមគ្គីជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខ អោយបានគ្រប់ៗគ្នា។

សូមរំលឹកថា៖ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ តុលាការខេត្ដប៉ៃលិន បានចោទប្រកាន់មនុស្ស៤នាក់ពីបទ «រួមគំនិតក្បត់» ក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ទណ្ឌិត សម រង្ស៉ី ទី១៖ ឈ្មោះ វ៉ន ដារ៉ា ហៅប៉ុច ភេទស្រី អាយុ៦០ឆ្នាំ, ទី២៖ ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ភេទប្រុស អាយុ៤០ឆ្នាំ, ទី៣៖ ឈ្មោះ ឃិន ប៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ និងទី៤៖ ឈ្មោះ ហ៊ុយ ហួន ភេទប្រុស អាយុ៦៨ឆ្នាំប៉ុន្ដែទោះជាយ៉ាងណា មនុស្សទាំង៤នាក់ ដែលអយ្យការអមសាលាដំបូងខេត្តប៉ៃលិនសម្រេចចោទប្រកាន់នេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដោយពួកគេបានចាកចេញពីមូលដ្ឋាន។

ពិនិត្យ កែសម្រួល៖ វួច ពឿន