ឯកឧត្តម ផាន់ ចាន់ធុល អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋអោយចូលរួមអនុវត្តវិធានការ បង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណា


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

មានប្រសាសន៍ក្នុងពេលចុះផ្សព្វផ្សាយវិធានការណ៍បង្ការ​ការចម្លងវីរុសកូរ៉ូណា និងចែកម៉ាស់ ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន វិទ្យាល័យ ហ៊ុនសែន សាលាក្រៅ ព្រមទាំងមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទីទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអំពាវនាវ​ដល់មន្រ្តីរាជការ  អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការ បង្ការជំងឺរលាកសួត ដែលបង្ករដោយវីរុសកូរ៉ូណាថ្មី (2019-Cov)​ ស្របតាម​វិធានការ​របស់​ក្រសួង​សុខា​ភិ​បាល ក្នុងន័យទប់ស្កាត់ និងលើកកម្ពស់សុខភាពអនាម័យនៅតាមមូល​ដ្ឋាន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ វិធានការទាំងឡាយដែលក្រសួង​សុខា​ភិ​បាលបានដាក់ចេញ សំរាប់ការបង្ការជំងឺរលាកសួត ដែលបង្ករដោយវីរុសកូរ៉ូណាថ្មី (2019-Cov)​ រួមមាន៖ ទី១ / ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។ ទី២/ លាងដៃអោយបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។ ទី៣/ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ទី៤/ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេសសាច់ និងស៊ុត។ ទី៥/ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។ ទី៦/ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។ ទី៧/ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលអោយបានហ្មត់ចត់ និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។ ទី៨ ៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ទោះបីជាកន្លងមក យើងរកឃើញមានអ្នកជម្ងឺផ្ទុកវីរុសកូរ៉ូណាមួយករណីនៅខេត្តព្រះសីហនុ លើជនជាតិចិន តែមកទល់នឹងពេលនេះ អ្នកជំងឺនោះបានធូរស្បើយឡើងវិញ ហើយក៏បានបញ្ជូនអ្នកជំងឺនោះទៅកាន់ប្រទេសខ្លួនវិញដែរ។ដោយមើលឃើញមានករណីនេះ មន្ដ្រីសុខាភិបាលនៅទូទាំងប្រទេស បានចុះអប់រំផ្សព្វផ្សាយជាបន្ទាន់ដល់ប្រជាពលរដ្ឋ នៅតាមភូមិស្រុក ខេត្ដក្រុង អោយបានយល់ដឹងច្បាស់ពីរោគសញ្ញា និងវិធានការការពារមិនអោយឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះទេ  ជាពិសេស កុំអោយប្រជាពលរដ្ឋមានការភិតភ័យខ្លាំងពេក តែត្រូវប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល នោះពួកគាត់នឹងអាចចៀសផុតពីការឆ្លងវីរុសកូរ៉ូណានេះ។ កន្លងមកយើងបានចាត់វិធានការ និងត្រៀមលក្ខណៈរួចជាស្រេច ទាំងក្រុមគ្រូពេទ្យ បច្ចេកទេសព្យាបាល និងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកមានវីរុសកូរ៉ូណានេះ និងបានដាក់មន្ដ្រី និងម៉ាស៊ីនស្ដេនកំដៅនៅតាមច្រកចេញចូលទូទាំងកម្ពុជាយើងផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងពេលចុះផ្សព្វផ្សាយពីវិធានការណ៍បង្ការ​ការចម្លងវីរុសកូរ៉ូណា ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន, វិទ្យាល័យ ហ៊ុនសែន សាលាក្រៅ, ព្រមទាំងនៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន, ឯកឧត្តម អភិបាលខេត្ត និងគណប្រតិភូអមដំណើរ បានចែកម៉ាស់ ដោយឥតគិតថ្លៃ អស់ចំនួនជាង១ម៉ឺនមាស់ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិខេត្តប៉ៃលិន៕ ពិនិត្យ កែសម្រួល៖ វួច ពឿន