គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនផ្សព្វផ្សាយឯកសារ ស្តីពី តួនាទី ភារកិច្ច សិទ្ធិរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

នៅទីស្នាក់ការ  គណបក្សខេត្ត ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយឯកសារ ស្តីពី តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈ កម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សោម សឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំង និង ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សាខាបក្សមន្ទីរ-អង្គភាព ក្រុង-ស្រុក ឃុំ-សង្កាត់ សរុបចំនួន ២៧៥ នាក់ ស្រី ២៨ នាក់។

ឯកឧត្តម​ សោម​ សឿន​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំង បានមានប្រសាន៍កោតសរសើរចំពោះគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលបានខិតខំ ពង្រឹងបក្សទាំងនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានទូទាំងខេត្តប៉ៃលិន។ ឯកឧត្តមបានបន្ថែមទៀតថា កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺមានគោលបំណងដើម្បីផ្តល់ឱកាសឲ្យសមាជិកសមាជិកា បក្សទាំងអស់បានដឹងពី ឯកសារជាគោលការណ៍ ការងារចាត់តាំង​ កសាងគណបក្ស​ និងគោលការណ៍​អំពីតួនាទី​ ភារកិច្ច​ សិទ្ធ ​រចនាសម័្ពន្ធ​ អង្គការចាត់តាំង​ និងរបៀបរបបធ្វើការ​របស់គណៈកម្មាធិការគណបក្សបន្ថែមទៀត នឹងធ្វើអោយមន្រ្តីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះមូលដ្ឋានជួយដោះស្រាយបញ្ហារបស់ប្រជាជន ពង្រឹងបក្ស​ ពង្រឹងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងបន្តទៀត។ ឯកឧត្តម​ សោម​ សឿន បានគូសបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយ និងអង្គការចាត់តាំងច្បាស់លាស់ត្រឹមត្រូវ ដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ដូច្នេះថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់ត្រូវមានគោលជំហរស្មោះត្រង់ជាមួយគណបក្ស និងមានឆន្ទះការពារផលប្រយោជរបស់គណបក្ស ផលប្រយោជជាតិ និងប្រជាជនជាធំ ដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាជនដឹងពីសុខទុក្ខរបស់ប្រជាជននៅគ្រប់មូលដ្ឋាន ដែលធ្វើអោយប្រជាជនមានការគាំទ្រដល់ប្រមុខដឹកនាំនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើនថែមទៀត។

ឯកឧត្តមក៏បានជំរុញដល់ថ្នាក់ដឹកនាំនិងសមាជិកបក្សក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាធំ និងត្រូវបន្តគាំទ្រ និងអនុវត្តន៍តាមគោលនយោបាយរបស់គណបក្ស  និង គោរពរាល់ការសម្រេចចិត្តរបស់គណបក្សត្រូវចងក្រងក្រុមបក្សអោយបានច្រើន ដើម្បីអោយគណបក្សប្រជាជនជាគណបក្សឈានមុខជានិច្ច និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។