ឯកឧត្តម អ៊ី ឈាន ៖ លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយយោងតាមច្បាប់ ដោយតែអំពើក្បត់ជាតិរបស់គាត់


មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ឯកឧត្តម អ៊ី ឈាន  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយយោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយតែអំពើក្បត់ជាតិរបស់គាត់ មិនមែនគណបក្សប្រជាជនកម្ពុជាអ្នកចាប់គាត់ទេ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា យោងតាមខ្សែវីដេអូដែលចាក់ផ្សាយតាមបណ្តាញទូរទស្សន៍មួយនៅប្រទេសអូស្រ្តាលី បានបង្ហាញពីអំពើក្បត់ជាតិរបស់លោក កឹម សុខា តាមរយៈការដើរតាមគន្លងនយោបាយរបស់ជនបរទេស រៀបចំការធ្វើបដិវត្តពណ៌ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និង សែបប៊ី។ ឯកឧត្តមបានមានប្រសាសន៍បន្តថា កន្លងមកមានក្រុនជនអគតិមួយចំនួនបានដើរបំភ្លៃការពិត ដោយពោលពាក្យថា គណបក្សប្រជាជនកម្ពុជាខ្លាចចាញ់ឆ្នោតទើបចាប់លោក កឹម សុខា ដាក់គុក និងរំលាយគណបក្សប្រឆាំងនៅកម្ពុជា តែតាមពិតមិនដូចអ្វីដែលពួកគេដើរនិយាយនោះឡើយ។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធំ មានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស ធ្លាប់មានគុណបំណាច់យ៉ាងធំធេងសំរាប់ជាតិ ប្រជាជន និងមានស្នាដៃអភិវឌ្ឍប្រទេសជាតិមានការរីកចំរើន ប្រជាពលរដ្ឋរស់នៅក្នុងសុខ សន្តិភាព និងជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនធូរធាជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រអ្នកមានគុណរបស់ខ្លួន។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺគាំទ្រអោយមានសុខ សន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋារបស់ខ្លួន។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីអោយមានការ        តបណ្តាញអគ្គីសនី ទឹកស្អាត ការកសាងផ្លូវគមនាគមន៍ និងប្រព័ន្ធប្រឡាយទឹកទៅគ្រប់ភូមិ ឃុំក្នុ ងប្រទេស បំរើដល់សេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង៕ វួច ពឿន