រដ្ឋបាលខេត្តប៉ៃលិន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកីឡាដ្ឋានក្លឹបវាយសី


រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវកីឡាដ្ឋានក្លឹបវាយសីខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងកីឡាករជាច្រើននាក់ផងដែរ។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ក្លឹបវាយសីខេត្តប៉ៃលិននេះ កសាងឡើងនៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ដោយចាប់ផ្តើមកសាងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងបានបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨, មានបាតក្រោមរួមទំហ៊ំ 18m x 20m , ផ្ទៃខាងក្នុងទំហ៊ំ 16m x 22m , ចាក់បេតុងបាតកម្រាស់ 0.05m គ្រោងដែក, ជញ្ជាំងអិដ្ឋ១០ កម្ពស់ 2m, ស័ង្កសីកំពស់ 5m, ដំបូលប្រក់ស័ង្កសីកម្ពស់ 11m  និងមានទីលានចំនួន ២, ដោយគាំទ្រថវិកាទាំងស្រុងពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចំណែកសម្ភារៈកីឡាវាយសី គឺឧបត្ថម្ភដោយសមាគមន៍កីឡាខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្លិបវាយសីនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើនរបស់រដ្ឋបាលខេត្តប៉ៃលិន ដែលបានកសាងឡើង នៅចុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ ក្លឹបវាយសីនេះ បានដឹកនាំកសាង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត មានលក្ខណៈល្អ សមរម្យ ត្រឹមត្រូវតាមក្បួនខ្នាត អាចប្រើប្រាស់បានយូអង្វែង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សម្រាប់ក្លឹបកីឡាវាយសីនេះ ពីមុនមកមិនដែលមានទេ នៅក្នុងខេត្តប៉ៃលិន ដោយសារមិនសូវមានការគាំទ្រ ហើយសង្ឃឹមថា ចាប់ពីពេលនេះទៅ វិស័យកីឡាវាយសីខេត្តប៉ៃលិន នឹងទទួលបានការគាំទ្រពីសំណាក់មហាជន។ ឯកឧត្តម ផាន់ ចាន់ធុល  ក៏បានអំពាវនាវដល់ក្មួយៗជាយុវជន យុវនារីទាំងអស់ ចំណាយពេលវេលាចូលមកលេងកីឡាដើម្បីសុខភាព ចៀសវាងដាច់ខាត នូវអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងនៅអោយឆ្ងាយពីគ្រឿងញៀន ដើម្បីកិត្តិយស និងសុភមង្គលក្នុងគ្រួសារ ពីព្រោះកីឡាពិតជានាំមកនូវ មិត្តភាព សាមគ្គីភាព សុខភាព និងកិត្យានុភាពជាតិ ៕ វួច ពឿន