ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀងចំនួន ១៥គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន


ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១៥គ្រួសារ នៅចំនុចស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការចែក​អំណោយនៅ​ពេល​នេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូន ដែលកំពុងជួបការខ្វះខាតមួយកំរិតតូច តែអ្វីដែលសំខាន់នោះគឺ បងប្អូនទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ ឬមុខរបរអ្វីផ្សេងទៀតតាមជំនាញ និងចំណង់របស់បងប្អូន ធ្វើយ៉ាងណាបង្កើន​ជីវភាព​គ្រួសាររបស់បងប្អូនអោយប្រសើឡើង។ ឯកឧត្តមក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្ក​គ្រោះ​ថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។ ប្រសិនបើបងប្អូនមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ក៏ត្រូវរាយការណ៍អាជ្ញាធរ​មូលដ្ឋាន ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់​ពេលវេលា ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ១៥គ្រួសារ ដោយគ្រួសារតូច ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥Kg  មី ១កេះ និងថវិកាចំនួន ៥ម៉ឺនរៀល និងគ្រួសារធំ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០Kg  មី ២កេះ និងថវិកាចំនួន ១៥ម៉ឺនរៀល ផងដែរ៕ វួច ពឿន