ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិន ត្រូវត្រៀមលក្ខណៈបង្កាទុកជាមុន ដើម្បីជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង


មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារគ្រោះមហន្តរាយ ០៧ខែ ដើមឆ្នាំ២០១៨ និងទិសដៅបន្ត នៅសាលប្រជុំសាលាខេត្តប៉ៃលិន នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨, ដោយមា​​នការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត, លោកអភិបាល អភិបាលរងក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការជាច្រើនរូបផងដែរនោះ, ឯកឧត្តមទេសរដ្ឋមន្ត្រី ញ៉ឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិនគ្រប់ជាន់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជាស្រេច ឆ្លើយតបគ្រោះធម្មជាតិ កើតមានជាយថាហេតុ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន ដែលកន្លងមកបានសហការជាមួយសាខាកាកបាទក្រហមខេត្ត ធ្វើការដោះស្រាយរួចរាល់ នូវការងារទាំងអស់នេះ ដោយមិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។

តាមប្រសាសន៍របស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ ក្នុងអំឡុងពេល ៧ខែ ដើមឆ្នាំ២០១៨ ខេត្តប៉ៃលិនទទួលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ រួមមាន៖ ទី១៖ ខ្យល់កន្រ្តាក់បានកើតឡើង ០៤លើក បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៤៣ខ្នង និងដំណាំមៀនប៉ៃលិន ចំនួន ២៩១ដើម ។ទី២៖ គ្រោះធម្មជាតិរបន្ទះបាញ់ មាន ០១ករណី បណ្តាលឱ្យប្រជាពលរដ្ឋ រងរបួសម្នាក់ ។ ទី៣៖ គ្រោះធម្មជាតិជំនន់ទឹកភ្លៀងរហ័ស បណ្តាលឱ្យមនុស្សលង់ទឹកស្លាប់ ចំនួន ០២នាក់ ។ ទី៤៖ គ្រោះថ្នាក់ភ្លើងឆេះផ្ទះ ចំនួន ០១ករណី ខូចខាតផ្ទះសម្បែងចំនួន ០៣ខ្នង៕ វួច ពឿន