អាជ្ញាធរខេត្តប៉ៃលិន ដាំផ្កាដើម្បីលំអរសួនរង្វង់មូលរូបសំណាកព្រះគោ


ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ អង្គភាពមន្ទីរជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមដាំផ្កាដើម្បីលំអរសួននៅជុំវិញរូបសំណាករង្វង់មូលព្រះគោ ដែលស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖  បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អរហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាកែលម្អសួរសាធារណៈនានានៅតាមទីប្រជុំជនក្នុងខេត្ត ឱ្យបានកាន់តែល្អប្រសើឡើង ដើម្បីភាពស្រស់ស្អាតក្នុងទីក្រុង និងក្នុងខេត្តប៉ៃលិនទាំងមូល ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើនឡើង ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ លោកជំទាវបានបន្តថា៖ ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត បានចុះមករៀបចំតុបតែងកែលម្អរ  និងដាំផ្កា នៅសួនរង្វង់មូលព្រះគោនេះ ក្នុងគោលបំណងទី១៖ ចង់ឱ្យមន្ត្រីរាជការបង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២៖ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។

បើតាមលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានអោយដឹងថា៖ ស្មៅ និង ផ្កាដែលរដ្ឋបាលខេត្តប៉ៃលិន យកមកដាំលំអររង្វង់មូលព្រះគោនាពេលនេះគឺជាអំណោយរបស់ឯកឧត្តម ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានចំនួន ៤១០ម៉ែត្រការ៉េ ដើមផ្កាម្ចុលចំនួន ៣៦០ដើម និង ដើមផ្កាតែចំនួន ៤៥៨ដើម៕   ពិនិត្យ កែសម្រួល៖ វួច ពឿន