លោកជំទាវ សោ មុន្នីរ័ត្ន និងលោក សោ សុវណ្ណ អញ្ជើញហែរអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទឹកផុស


ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន និង លោកសោ សុវណ្ណ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិទឹកផុស ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញហែរអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស វត្តមង្គលគិរីគង្គា ហៅវត្តទឹកផុស ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អង្គកឋិនទានសាមគ្គីនេះបានប្រារពធ្វើឡើងចាប់ពីល្ងាចថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដោយមានពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល  ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន  និងមានការសំដែងធម៌ទេសនាអប់រំទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។ លុះស្អែកឡើងថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨, មានពិធីដង្ហែរអង្គកឋិនទាន និងវេរប្រគេនត្រៃចីវរ គ្រឿងបរិក្ខា និងបច្ច័យជូនដល់ព្រះភិក្ខុសង្ឃ ជាកិច្ចបុណ្យ។

លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងការរីករាយដោយឃើញប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានស្រុះស្រួលមូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើង ដោយទឹកចិត្តសប្បាយរីករាយ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។ លោកជំទាវបានមានប្រសាសន៍ថា យើងមានឱកាសធ្វើបុណ្យ ធ្វើទានកសាងនូវសេចក្តីល្អសំរាប់ជាតិនេះ និងជាតិខាងមុខ គឺដោយសារយើងមាននូវសុខ សន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ លោកជំទាវក៏បានមានប្រសាសន៍ជូននូវបុណ្យកុសលទាំងឡាយដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តាន និងដួងវិញ្ញាណខ័ន្ធព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និងបានថ្វាយនូវព្រះរាជកុសល ជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាត់ដល់កូនចៅរបស់ព្រះអង្គតរៀងរហូតទៅ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តប៉ៃលិន មន្រ្តីរាជការក្នុងខេត្តប៉ៃលិនទាំងអស់ ព្រមទាំងប្រជាពុទ្ធបរិស័ទ សូមបានសុខ ចំរ៉ុងចំរើន មានសន្តិភាព និងការអភិវឌ្ឍរីកចំរើនជារៀងរហូតទៅ៕ ដោយ៖ វួច ពឿន