ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន


ថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច សហការជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ចខេត្តប៉ៃលិន បានចុះប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច, ឯកឧត្តម  ចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិន និងឯកឧត្តម​ សួស ស៊ីយ៉ាត សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកអភិបាលរងក្រុងប៉ៃលិន ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិប័ត្តការសឹងរងខេត្ត លោកចៅសង្កាត់ លោកមេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៣៣៨នាក់។

មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយនេះ, ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ចបានលើកឡើងថា៖ រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានបានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ចាស់ និងចែងនូវច្បាប់ថ្មីៗបន្ថែមទៀត ព្រមទាំងបានសិក្សាលក្ខណៈបច្ចេកទេស និងពង្រីងផ្លូវបន្ថែមទៀត ដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ស្របពេលដែលប្រទេសជាតិយើងមានការរីកចំរើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ, នាំអោយមានកំណើនយានយន្តច្រើននៅលើដងផ្លូវ បង្ករការកកស្ទះចរាចរណ៍ និងមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ជារៀងរាល់ឆ្នាំ។ ឯកឧត្តមបានបន្តទៀតថា៖ ជាមធ្យមក្នុងមួយឆ្នាំៗគ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយខូចខាតទ្រព្យសម្បត្តិមានតម្លៃជាង៣០០លានដូល្លា និងបាត់បង់មនុស្សដែលមានកម្លាំងធ្វើការងាររាប់ពាន់នាក់, បានបន្សល់ទុកនូវកូនកំព្រា ស្រ្តីមេម៉ាយ ជនពិការ ព្រមទាំងបង្ករការលំបាកជាច្រើនដល់សង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ  សុខមាលភាពប្រជាពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ ដូច្នេះដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍មនុស្សគ្រប់រូបត្រូវចេះពីច្បាប់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។

មានប្រសាសន៍បិទកិច្ចប្រជុំ, ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិនបានលើកឡើងថា៖ ក្នុងរយៈពេលតែ៩ខែ ឆ្នាំ២០១៨នេះ ខេត្តប៉ៃលិនកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤ករណី, បណ្តាលអោយមនុស្សស្លាប់១០នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៩១នាក់, ខូចខាតយានយន្តគ្រប់ប្រភេទចំនួន ៧៤គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ៤៩គ្រឿង ដែលគ្រោះថ្នាក់នេះភាគច្រើនកើតឡើងដោយសារឥទ្ធិពលនៃគ្រឿស្រវឹង គ្រឿងញៀន ងោកងុយ និងការមិនគោរពសិទ្ធអាទិភាព។ ឯកឧត្តមបានបន្តថា៖ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ពេលនេះ បានរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងការប្រតិបត្តច្បាប់ផង និងការដះតឿនអោយប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់, ទាំងអ្នកថ្មើជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវផ្លាស់ប្តូរឥរិយាបទពីការបើកបរតាមបែបអាណាធិបតេយ្យ មកបើកបរដោយមានសណ្តាប់ធ្នាប់ របៀបរៀបរយ ចេះយោគយល់ អធ្យាស្រ័យគ្នា គោរពសិទ្ធអាទិភាព មានស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការបើកបរ។ ឯកឧត្តមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមអនុវត្តអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា” ថ្ងៃនេះថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍” ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋមេត្តាអត់ធ្មត់ ខន្តី អធ្យាស្រ័យ ជៀសវាងការប្រើអំពើ  ហឹង្សា ហើយទាក់ទងមកសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីដោះស្រាយតាមច្បាប់។ សូមអនុវត្តអោយបានខ្ចប់ខ្ជួននូវក្រមសីលធម៌១០ចំណុច ​នៅពេលបើកបរ គឺ៖ ទី១/មិនត្រូវបើកបរលើសល្បឿនកំណត់។ ទី២/​មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត។ ទី៣/មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។ ទី៤/ មិនត្រូវបើកបរក្នុងស្ថានភាពងោកងុយដាច់ខាត។ ទី៥/ត្រូវចេះបើកបរអោយបានត្រឹមត្រូវ។ ទី៦/ត្រូវពាក់មួកសុវត្ថភាពជានិច្ច។ ទី៧/ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថភាពជានិច្ច។ ទី៨/ត្រូវប្រកាន់ស្តាំជានិច្ច។ ទី៩/ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច។ ទី១០/ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្ត ប្រកបដោយសីលធម៌ យោគយល់ អធ្យាស្រ័យ៕

ដោយ៖ វួច ពឿន