គណប្រតិភូខេត្តប៉ៃលិនចំនួន២២រូបបានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ នៅខេត្តក្រចេះ


ថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំឆ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ២០១៨ គណប្រតិភូខេត្តប៉ៃលិនចំនួន២២រូប ដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ ធ្នូ ១៩៧៩ – ២ ធ្នូ ២០១៨ ) នៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលខួបអនុស្សាវរីយ៍នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដោយមានមហាជនទូទាំងប្រទេសកម្ពុជាមាណជាង ៣ម៉ឺននាក់ បានអញ្ជើញចូលរួម។

មានប្រសាសន៍ក្នុងពិធី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា មានប្រសាសន៍គូសបញ្ជាក់ថា ៖ ការប្រារព្វខួបអនុស្សវរីយ៍នេះ គឺក្នុងស្មារតីរំលឹកការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា និងវីរៈកងទ័ពស្មគ្រ័ចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាជាប្រជាជនកម្ពុជាសូមសម្តែងនូវការដឹងគុណដ៏ជា្រលជ្រៅចំពោះបណ្តាប្រទេសជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរ ចំពោះបុព្វហេតុសង្រ្គោះជាតិ និងប្រជាជនពីរណ្តៅមរណៈនេះ។ សម្តេចបានមានប្រសាសន៍បន្តថា៖ ប្រវត្តិ​សាស្រ្តនេះ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗដែលមានពិត និងមិនអាចប្រកែកបានឡើយ ហើយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទោះបីជាទើបត្រូវបានបង្កើត ប៉ុន្តែដោយ​សារមានការគាំទ្រពីប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេសដែលកំពុងដង្ហើយបួងសួងសុំការសង្រ្គោះ ជាពិសេសដោយទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្មគ្រ័ចិត្តវៀតណាម បានវាយផ្តួលរំឡំរបបប្រល័យពូជសាសន៍ រហូតទទួលបាកជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ហើយប្រែក្លាយកម្ពុជា ពីរបបវាលពិឃាដដ៏ឃោឃៅ និងឆ្លងកាត់ដំណាក់កាលតស៊ូដ៏ស្វិតស្វាញជាបន្តបន្ទាប់មកជាកម្ពុជាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ៕

ដោយ៖ វួច ពឿន