រដ្ឋបាលខេត្តប៉ៃលិន ធ្វើពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩នៅថ្នាក់ក្រុង និង ស្រុក


នៅថ្ងៃអង្គារ ១២រោច ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តប៉ៃលិន មានប្រារព្ធពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅថ្នាក់ក្រុង និង ស្រុក សម្រាប់ខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ធូ ភា អភិបាលអភិបាលរងខេត្តប៉ៃលិន តំណាងស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម គុយ ណារ៉េត  សមាជិកក្រុមប្រឹក្សាខេត្ត។ វត្តមានអញ្ជើញចូលរួមក្នុងពិធីនោះមាន៖  លោកទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត លោក- លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្ត លោកអភិបាលរងក្រុង/ស្រុក អាជ្ញាធរឃុំសង្កាត់ និងអង្គការដៃគូពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

លោកទឹម សុធីម ប្រធានមន្ទីរផែនការខេត្តបានធ្វើរបាយការណ៏ឲ្យដឹងថាៈ គោលបំណងទូទៅនៃជំរឿនឆ្នាំ២០១៩នេះ គឺសំដៅដល់ការរាប់ប្រជាជនតាមអាយុ និងភេទ និងផ្តល់របាយប្រជាជនតាមលក្ខណៈវិទ្យាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងឈានទៅបង្កើតបញ្ជីសារពើភ័ណ្ឌ ប្រភពកម្លាំងពលកម្ម និងលក្ខណៈប្រជាសាស្រ្ត របស់ប្រទេសកម្ពុជា នៅពេលមួយកំណត់ និងផ្តល់នូវស៊ុំគំរូ សម្រាប់ធ្វើអង្កេត និងធ្វើកម្មវិធីផ្សេងទៀត។ លោកបានបន្តថាៈ កាប្រើប្រាស់ទិន្នន័យជំរឿន មិនត្រឹមតែសម្រាប់គ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ តែសម្រាប់ធ្វើគោលនយោបាយ ធ្វើផែនការសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៏ កាត់បន្ថយភាពក្រីក្រ ការបង្កើតឳកាសមានកាងារធ្វើ ការកែលំអរកំរិតអប់រំប្រជាជន ការផ្តល់សុខភាពជូនមនុស្សគ្រប់រូប តាមរយៈការរៀបចំគោលនយោបាយកែលំអរ និងពង្រើកសេវាកម្មសុខាភិបាលក្នុងប្រទេស ដើម្បីបំបាត់ជម្ងឺនានា បន្ថយកុមារស្លាប់ក្នុងវ័យទារក និងបឋមវ័យ ព្រមទាំងអត្រាកើតរស់ និងអត្រាស្លាប់នៃកុមារ។ លោកបានបន្តឲ្យដឹងទៀតថាៈ ការធ្វើជំរឿន នឹងទទួលបានតួលេខពីប្រជាជនកំពុងកើតឡើងក្នុងល្បឿនបែបណា ដើម្បីឲ្យរាជរដ្ឋាភិបាលព្យាករណ៏ ធ្វើនយោបាយប្រជាជន ធ្វើផែនការកំណត់លំនៅឋាន ការកែលំអរសម្ភារៈប្រើប្រាស់ ផ្តល់អគ្គីសនី ទឹកទទួលទាន ឬ ប្រើប្រាស់ជាដើម។ ទិន្នន័យរបស់ជំរឿនប្រើប្រាស់សម្រាប់កំណត់ ជាសូចនាករគោលដៅអភិវឌ្ឍន៏ ប្រកបដោយចីរភាព។ ប្រសិនបើគ្មានជំរឿនប្រជាជនទេ នឹងមានផលលំបាកក្នុងការវាស់វែង ការសម្រេចបានការអនុវត្តគោលដៅអភិវឌ្ឍន៏ដោយចិរភាពនៃរបៀបវារៈឆ្នាំ២០១៦-២០៣០។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៏ថាៈ ជំរឿនប្រជាជននៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឡើង ចំនួន៣លើករួចមកហើយ គឺលើកទី១ បានធ្វើឡើងនៅឆ្នាំ១៩៦២ ហើយត្រូវអាក់ខានអស់រយៈពេល៣៦ឆ្នាំ ដែលបណ្តាលមកពីស្ថានភាពច្របូកច្របល់នៃសង្គ្រាម អសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា។ ជំរឿនលើកទី២ បានធ្វើនៅខែមិនា ឆ្នាំ១៩៩៨  និងជំរឿនលើកទី៣ បានធ្វើឡើងនៅក្នុងខែមិនា ឆ្នាំ២០០៨ ចំណែកឯការជំរឿនលើកទី៤នេះ នឹងត្រូវធ្វើឡើងនៅខែមិនា ឆ្នាំ២០១៩ខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ ការធ្វើជំរឿនមានសារសំខាន់ណាស់។ ដូច្នេះថ្នាក់ជាតិបានបង្កើតគណៈកម្មាធិកាជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមមានប្រសាសន៏បន្តទៀតថាៈ ក្នុងយុទ្ធសាស្រ្តចតុកោណបានកំណត់ថា រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៏ទាំងអស់ត្រូវឯកភាពគ្នាលើផែនការអភិវឌ្ឍន៏មួយគឺ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ។ ទិន្នន័យដែលប្រមូលបានតាមរយៈការធ្វើជំរឿន អង្កេត និងពីប្រភពរដ្ឋបាលផ្សេងៗ គឺជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ សម្រាប់ធ្វើគោលនយោបាយ ការធ្វើផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ព្រមទាំងសម្រាប់វាយតម្លៃការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព លើសូចនាករសំរាប់តាមដានត្រួតពិនិត្យភាពក្រីក្រ និងស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច។ លើសពីនេះទៀត ទិន្នន័យទាំងនេះ ក៏បំរើអោយអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ។ ឯកឧត្តមក៏បានសំនូមពរដល់លោក -លោកស្រី គណៈកម្មាធិការជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានទាន់ពេលវេលា តាមផែនការសម្មភាពដែលបានគ្រោង ដើម្បីទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ វឿន វ៉េត