ឯកឧត្តម អ៊ី ឈាន៖ ត្រូវរួមគ្នាការពារសុខសន្តិភាព និងសមិទ្ធផលនាពេលបច្ចុប្បន្ន តាមរយៈការទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលជាតំបន់អតីតសមរភូមិដ៏ស្រួចស្រាវ ឱ្យបន្តរួមគ្នារក្សានូវសុខសន្តិភាព និងសមិទ្ធផលនានា ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត ក្នុងភូមិក្បាលព្រលាន និងភូមិអូរតាវ៉ៅ ចំនួន៣០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍រំលឹកពីសង្គ្រាមបង្ហូរឈាមខ្មែរ និងខ្មែរ ព្រមទាំងទុក្ខវេទនារបស់ប្រជាពលរដ្ឋ និងកងកម្លាំងតស៊ូ ក្នុងតំបន់ប៉ៃលិន កាលពីជាង ២០ឆ្នាំមុន។ ប៉ុន្តែក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង អស់រយៈពេលជាង ២០ឆ្នាំមកនេះ ខេត្តប៉ៃលិនមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការប្រែប្រួល និងធូរធារយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បន្តថា៖ ជាង ២០ឆ្នាំមុន តំបន់ប៉ៃលិន ក៍ដូចជាតំបន់មួយចំនួនទៀត នៃប្រទេសកម្ពុជាយើង កំពុងត្រូវបានហែកហួរដោយសង្គ្រាមផ្ទៃក្នុង ធ្លាក់ក្នុងស្ថានភាពដ៏លំបាកវេទនា ប៉ុន្តែដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ សែន នៅចុងឆ្នាំ១៩៩៨ ខេត្តប៉ៃលិន ក៍ដូចជាប្រទេសកម្ពុជាទាំងមូល បានក្លាយជាប្រទេសមានសន្តិភាពពេញលេញ និងទទួលបានការអភិវឌ្ឍដោយឥតឈប់ឈរ និងជាប្រទេសនាំស្បៀងចេញយ៉ាងច្រើនទៅកាន់ពិភពលោក ហើយជាប្រទេសសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយកាត់បន្ថយភាពក្រីក្រមកនៅកម្រិតទាបបំផុត និងចាកចេញពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ដូច្នេះយើងទាំងអស់គ្នាត្រូវការពារថែរក្សាសមិទ្ធផល និងសន្តិភាពនេះឲ្យបានជាដាច់ខាត មិនឲ្យនរណាមកបំផ្លិចបំផ្លាញបានឡើយ ហើយមិនឲ្យកម្ពុជាមានសង្រ្គាម វិនាសកម្មដូចអតីតកាលដែរ។ ឯកឧត្តម អ៊ី ឈាន ក៍បានសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការខ្វះចន្លោះក្នុងការផ្តល់សេវាមួយចំនួនពីមន្រ្តីនៅតាមមូលដ្ឋាន ពីព្រោះអ្នកថា មិនដែលខុស តែអ្នកធ្វើតែងតែមានការខុសឆ្គងខ្លះជៀសមិនរួច ប៉ុន្តែខុស និងធ្វើ ប្រសើជាងការចាំតែថា ហើយមិនធ្វើអីសោះ ។ ឯកឧត្តមបានបន្តទៀតថា នៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ សែន នឹងបន្តកែលម្អការផ្តល់សេវានៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍រំលឹកដល់ប្រជាពលរដ្ឋផងដែរថា៖ ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដើម្បីបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត ហើយត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គឺបោះឆ្នោតជូនសម្តេចតេជោ សែន ស្មើនឹងបោះឆ្នោតការពារសន្តិភាព និងការអភិវឌ្ឍ៕ វួច ពឿន