រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគី្គភ័យ លើកទី២


( 13-03-2017) ប៉ៃលិន៖ នៅបរិវេណវត្តរតនៈសោភ័ណ្ឌ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រឹកថ្ងៃទី១៣មិនាឆ្នាំ២០១៧ អាជ្ញាធរខេត្ត បានរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន និងមានអញ្ជើញចូលរួមពីសំណាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិក្សានុសិស្សជាច្រើននាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី  ស៊ិន សុភាលក្ម្សី  ស្នងការរងនគរបាលខេត្តប៉ៃលិនបានអោយដឹងថាៈការប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យនេះឡើងជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ក្រៃលែងដែលបានបញ្ជាក់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តអំពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋភិបាល បណ្តាស្ថប័នពាកើព័ន្ធ កងកម្លាំងបង្ការពន្លត់អគ្គីភ័យ ការការងារបង្ការនូវបហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ ការការពារនិងសង្រោះជីវិតមនុស្សនិងទ្រព្យសម្បត្តិ បរិស្ថាន និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់​សាធា​រណៈ​ រួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ទន្ទឹមនេះការប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យនេះគឺជាយុទ្ធនាការដ៏ធំក្នុងគោលដៅបំផុសបំផុល ការចូលរួមពីគ្រប់ស្ថាប័នអង្គការសង្គមស៊ីវិល ផែ្នកឯកជន ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពីគ្រប់ទីកន្លែង ដោយមិនគិតនិន្នាការនយោបាយ ដើម្បីលើកកំពស់ការយល់ដឹង ការគាំទ្រ យ៉ាងស្រស្រាក់ស្រស្រាំចូលរួមជាកម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង​​ការកាត់បន្ថយនូវគ្រោះមហន្តរាយដែលបង្កឡើងពីអគ្គីភ័យ។

បន្ទាប់ពីលោក សោ សុវណ្ណ នាយករងរដ្ឋបាលសាលាខេត្តអានសេចក្តីណែនាំស្តីពីបង្ការនិងពន្លត់អគ្គីភ័យរួចមក ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលនយោបាយជាតិ ភូមិឃុំ មានសុវត្តិភាពដែលក្នុងនោះបានលើកឡើងអំពីការបង្ការគ្រោះថ្នាក់នានា និងការជួយសង្គ្រោះមហន្តរាយបណ្តាលមកពីអគ្គីភ័យ ដែលជារឿយៗតែងតែកើតមានឡើងក្នុងអំឡុងរដូវប្រាំងហួតហែង។ឯកឧត្តមបន្តថាៈគ្រោះអគ្គីភ័យវាអាចកើតឡើងបាន ដោយការទ្វេសប្រហែសរបស់យើងគ្រប់ៗគ្នា ដូចពាក្យចាស់លោកពោលថា ស៊ូលិចទឹកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ ដែលសុភាសិតនេះ បានក្រើនរំលឹកដល់យើងទាំងអស់គ្នាថា អគ្គីភ័យគឺជាគ្រោះភ័យដែលបង្កមហន្តរាយធំធេងបំផុត។ វាមិនត្រឹមតែបង្កអោយខាតបង់ទ្រព្យសម្បត្តិស្ទើទាំងស្រុងនោះទេ តែវាថែមទាំងឆក់យកជីវិតមនុស្សនៅក្នុងក្រុមគ្រួសារយ៉ាងអណោចអធមជាទីបំផុត។ឯកឧត្តមបានជំរុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ អោយមានការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋអោយប្រុងប្រយ័ត្នចំពោះអគ្គីភ័យងាយកើតឡើងដូចជា៖ ភ្លើងចង្ក្រាន ភ្លើងទៀន ធូប បារី ភ្លើងព្រៃ សម្រាមស្ងួត រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គីសនី ឧស្ម័នចំហេះ សារធាតុគីមី និងរាល់វត្ថុផ្សេងទៀតដែលងាយឆេះ ដោយត្រូវយកចិត្តទុកដាក់គ្រប់គ្រងអោយបានត្រឹមត្រូវ។ទន្ទឹមនេះត្រូវរៀបចំប្រព័ន្ធសុវត្តិភាព និងបំពាក់ឧប្បករណ៍ពន្លត់អគ្គីភ័យនៅតាមគ្រប់បណ្តាមន្ទីរ អង្គភាពគ្រឹះស្ថានសាធារណៈ អង្គការ សមាគម ទីតាំងអជីវកម្ម ក្រុមហ៊ុនសហគ្រាស រោងចក្រ សៃឡូ រោងសិប្បកម្ម ដេប៉ូ ផ្ទះសំណាក់ សណ្ឋាគារ ក្លឹប ការ៉ាអូខេ កាស៊ីណូ រីសត រម្មណីយ៍ដ្ឋាន មណ្ឌលកំសាន្ត សាលារៀន មន្ទីរពេទ្យ ផ្សា ឃ្លាំង ហាងលក់ប្រេងឥន្ធនៈ ហ្គាស។ល។គឺជាការងារចាំបាច់ខានពុំបានដែលតម្រូវអោយក្រុមការងារចំរុះត្រួតពិនិត្យប្រព័ន្ធសុវត្តិភាពបង្ការនិងពន្លត់អគ្គីភ័យដែលមានអភិបាលរងខេត្តមួយរូបជាប្រធាន និងស្នងការនគរ​ បាលជាសេនាធិការ ត្រូវយកចិត្តទុកដាក់ចាត់តាំងមន្ត្រីចុះពិនិត្យការងាររៀបចំប្រព័ន្ធសុវត្តិភាព និងបំពាក់ឧប្បករណ៍ពន្លត់អគ្គីភ័យទាំងនេះទៅតាមស្ថានភាពជាក់ស្តែងនៃទីតាំងនិមួយៗ។

ក្នុងឱកាសប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យកងកម្លាំងនគរបាល និងក្រុមគ្រូពេទ្យក៏បានធ្វើសមយុទ្ធពន្លត់អគ្គីភ័យនិងសង្គ្រោះមនុស្សផងដែរ។

cpp-13-03-2017-001 cpp-13-03-2017-002 cpp-13-03-2017-003 cpp-13-03-2017-004 cpp-13-03-2017-005 cpp-13-03-2017-006 cpp-13-03-2017-007 cpp-13-03-2017-008 cpp-13-03-2017-009 cpp-13-03-2017-010 cpp-13-03-2017-011 cpp-13-03-2017-012 cpp-13-03-2017-013 cpp-13-03-2017-014vv

[youtube id= “xGnazHDrPmI”]