លោក សំ សារ៉េត ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកសាលាក្រៅសំរាប់អាណត្តទី២បន្តទៀត


រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាស្រុកសាលាក្រៅ មានពិធីប្រកាសឡើងកាន់តំណែង អភិបាល, អភិបាលរងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងមានកាអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅផងដែរ។

តាមសេចក្តីប្រកាសលេខ៧២៨៤ ប្រក និងលេខ៤៧៦៣ប្រក របស់ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក សំ សារ៉េត ជាអភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ សំរាប់អាណតិ្តទី២ បន្តទៀត និងលោក សៀរ សុខុម ជាអភិបាលរងស្រុកសាលាក្រៅ។

បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ រួចមក ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ផ្តាំផ្ញើដល់លោក សំ សារ៉េត អភិបាលស្រុកថ្មី  ត្រូវយកចិត្តទុកដាក់ រៀបចំអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចចម្រើនបន្តទៀត, យកចិត្តទុកដាក់បង្ការ ទប់ស្កាត់ បង្រ្កាប នូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ធានាឲ្យបាននូវសន្តិសុខ សុវត្ថភាព ជូនប្រជាពលរដ្ឋ ជាពិសេសបំរើ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា និងមិនត្រូវយកកំរៃសេវាលើសការកំណត់នោះឡើយ។ ជាមួយគ្នានេះ ត្រូវស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាតិមាតុភូមិ និងមានស្មារតីសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលស្រុកឲ្យបានល្អ ទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាស្រុក ការិយាល័យនានាជុំវិញស្រុក និងអង្កការដៃគូរ ដើម្បីធ្វើឲ្យបានសម្រេចនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដែរថា៖ អភិបាលស្រុក/ក្រុង អាចទទួលបានតំណែងពីរអាណត្តិ បើសិនជាអភិបាលស្រុក/ក្រុងនោះបំរើប្រជាពលរដ្ឋបានល្អ លើសពីនេះអភិបាលស្រុក មិនអាចនៅក្រាញននៀលក្នុងកន្លែងដដែលបានទេ ហើយ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តនូវតួនាទីភារៈកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនប្រកប ដោយប្រសិទ្ធភាព និងជំនឿទុកចិត្ត សំដៅអោយការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៅថ្នាក់ក្រោមជាតិ អោយបានជោគជ័យ ជាពិសេសត្រូវក្តាប់ឲ្យបាន នូវរាល់សំណូមពរនានា របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់សំណូមពរទាំងនោះ ជូនពួកគាត់អោយបានទាន់ពេលវេលាផងដែរ៕ ដោយ៖ ​វួច ពឿន