លោក ព្រហ្ម រដ្ឋា ត្រូវបានប្រគល់ភារកិច្ចអោយបំពេញមុខងារជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន


ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសប្រគល់ភារកិច្ចប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមានឯកឧត្តមអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោកអភិបាលក្រុង ស្រុក លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការបណ្តាមន្ទីរអង្គភាពជំនាញជុំវិញខេត្តជាច្រើនរូប ទៀត។

តាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ ២០ប្រ.ក ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩, ត្រូវបានប្រគល់ភារកិច្ចជូន លោក ព្រហ្ម រដ្ឋា ឱ្យបំពេញមុខងារជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ជំនួសលោក លឹម ប៊ុនហេង ដែលត្រូវចូលនិវត្តន៍។

លោក ព្រហ្ម រដ្ឋា ដែលទើបទទួលការប្រគល់ភារកិច្ចជាប្រធានមន្ទីរថ្មី បានប្តេជ្ញាចិត្តគោរព អនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ដោយរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិរក្សវិស័យវប្បធម៌ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានា ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សម្រេចបាននាពេលកន្លងមក ជាពិសេសបានខិតខំបំពេញការងារស្នូលរបស់ខ្លួនបានល្អប្រសើក្នុងនាមជាសេនាធិការឱ្យរដ្ឋបាលខេត្ត។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ប្រធានមន្ទីរដែលទើបទទួលបានការប្រគល់ភារកិច្ចថ្មី ត្រូវបន្តដឹកនាំអង្គភាពឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសត្រូវរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការប្រកាសប្រគល់ភារកិច្ច ឬការប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរថ្មីគឺចាំបាច់ត្រូវតែធ្វើ ដើម្បីមានបុគ្គលម្នាក់ច្បាស់លាស់ក្នុងការទទួលខុសត្រូវក្នុងអង្គភាព ក៏ដូចជាការបំពេញនូវរចនាសម្ព័ន្ធក្នុងអង្គភាពមួយអោយបានត្រឹមត្រូវ, ពង្រឹងបាននូវប្រសិទ្ធភាពការងារ តបតាមការកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ តំណាងខ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់លើមន្រ្តីរាជការទាំងអស់ ដោយបានប្រគល់នូវតួនាទី ភារកិច្ចតាមសមត្ថភាព ជំនាញ និងបទពិសោធរបស់ខ្លួន។ ការប្រកាសប្រគល់ភារកិច្ចដល់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តនាពេលនេះ គឺអោយមានការទទួលខុសត្រូវខ្ពស់លើការងារដឹកនាំអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌អោយមានការរីកចំរើន ព្រោះវប្បធម៌ជាប្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរមានតម្លៃមិនអាចកាត់ថ្លៃឡើយ។ ជាមួយនេះ រាជរដ្ឋាភិបាលបានផ្តល់ជាអាទិភាពខ្ពស់ ចំពោះការងារវប្បធម៌ និងបេតិកភ័ណ្ឌ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយនិរន្តរភាព។ ក្នុងរយៈពេលជាង ១៦ឆ្នាំ មកនេះ សម្បតិ្តបេតិកភ័ណ្ឌវប្បធម៌រូបិយ និងអរូបិយ បានចូលរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺ ដោយសម្បត្តិវប្បធម៌ជាតិមួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្កការ UNESCO ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក៍បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបទទួលបានការប្រគល់ភារកិច្ចថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវ ស្វែងយល់ចងក្រងឯកសារ និងទំនៀមទម្លាប់ វប្បធម៌រូបី និងអរូបី ដែលនៅសេសសល់ពីដូនតា ដើម្បីរួមគ្នាអភិរក្ស ទុកសម្រាប់ក្មេងៗជំនាន់ក្រោយ និងរក្សានូវតម្លៃវប្បធម៌ខ្មែរឱ្យមានភាពល្បីល្បាយលើសកលលោក៕ ដោយ៖ វួច ពឿន