ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិនចាប់ឃាត់ខ្លួន


រសៀលថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ មានជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់។

លោក យ៉ែម សារិទ្ធ អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានអោយដឹងថា​ក្រោយពីបណ្ដាញសម្ងាត់រាយការណ៍ថា មានជនសង្ស័យម្នាក់កំពុងចែកចាយសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន, លោកក៏បានដឹកនាំកម្លាំងក្រោមឪវាទចុះទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គង់ ប៊ុនណាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ និងដកហូតវត្តុតាងមាន ម៉្សៅក្រាមពណ័ស (សង្ស័យម៉ាទឹកកក) ចំនួន ២កញ្ចប់តូច រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ លោកបានបន្តថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ និងបានសាកសួរនាំជនសង្ស័យនោះរួចមក ក៏បានកំណត់មុខសញ្ញាជនសង្ស័យពីរនាក់ប្តី ប្រពន្ធ បន្ថែមទៀត។ ក្រោយមកក៏បានស្នើសុំយោបល់ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តប៉ៃលិន និងសុំកិច្ចសហការជាកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអត្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ធ្វើការឆែកឆេរផ្ទះជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធ រួចធ្វើការឃាត់ខ្លួនតែម្តង ជាមួយវត្ថុតាងជាក់ស្តែង មាន៖ ម្សៅក្រាមពណ៌ស(សង្ស័យជាម៉ាទឹកកក) ចំនួន ០២កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ០២គ្រឿង កាបូបលុយចំនួន១ និងម៉ូតូចំនួន០២គ្រឿង។ ជនសង្ស័យពីរនាក់ប្តីប្រពន្ធមានឈ្មោះ  ទី១ យ៉ែម យ៉ន ត្រូវជាប្តី​ អាយុ ៥៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អតិតកងរាជអាវុធហត្ថ (ចូលនិវត្តន៍)។ ទី២ ឈ្មោះ ប៊ូ សុផល ត្រូវជាប្រពន្ធ អាយុ ៥៥ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងពីរមានទីលំនៅនៅកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងក៏សាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ វួច ពឿន