ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាបានចុះទស្សនកិច្ចអនុវិទ្យាល័យ និង បឋមសិក្សា ផ្សារព្រំដែលមានទីតាំងនៅជិតបន្ទាត់ព្រំដែន ក្នុងខេត្តប៉ៃលិន


នារសៀលពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណកម្មាការទី៧ និងលោកជំទាវ បាន ស្រីមុំ ជាអនុប្រធាន រួមដំណើរដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងសាលារៀនជិតបន្ទាត់ព្រំដែន មួយកន្លែង នៅក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានឈ្មោះថា «អនុវិទ្យាល័យ និង បឋមសិក្សា ផ្សារព្រំ»

ក្រោយពេលបានស្វែងយល់ពីស្ថានភាព និងទីតាំងភូមិសាស្ត្រនៅតំបន់នោះ ឯកឧត្តមហ៊ុន ម៉ានី ​ប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍រំលេចឡើងពីតម្លៃនៃសន្តិភាពដែលបានប្រែក្លាយទីតាំងគ្រោះថ្នាក់ ទៅជាទីសុខសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់ៗរូប។ ជាក់ស្តែង ទីតាំងអនុវិទ្យាល័យ និង បឋមសិក្សា ផ្សារព្រំ នេះ កាលពីមុន ផ្ទៃដីស្ទើរតែទាំងស្រុងត្រូវបានគ្របដណ្តប់ដោយគ្រាន់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រោះជាតំបន់ជាប់ព្រំដែន ប៉ុន្តែក្រោយពីភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ទីនោះបានប្រែជាតំបន់ដែលមានប្រជាជនរស់នៅកុះករ ហើយក៏បានបង្កើតឱ្យមានជាគ្រឹះស្ថានអប់រំមួយសម្រាប់កុមារា កុមារី សិស្សានុសិស្សសរុបប្រមាណ ១,៤០០នាក់ ដែលរស់នៅតំបន់នោះផងដែរ៕