បើកបរលើសល្បឿនកំណត់ គ្រប់គ្រងចង្កូតមិនបាន ជ្រុលទៅបុកបង្គោលចំណាំងផ្លាត ហួសទៅបុកម៉ូតូមួយគ្រឿងទៀតដែលចតទុកចោលក្នុងផ្ទះ


កាលពី​វេលាម៉ោង ០០:៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ​ទី០៣ ខែ​កក្កដា ឆ្នាំ​២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយករណីជិះម៉ូតូដួលខ្លួនឯង នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលអោយអ្នកបើកបរម៉ូតូម្នាក់ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់។

អ្នកបើកម៉ូតូឈ្មោះ ជួន ចាន់ឌី ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅ នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានបើកបរម៉ូតូ ម៉ាក ឌិចស៊ិនតឺ ពណ៌ខៀវ គ្មានស្លាកលេខ រងរបួសធ្ងន់ ចំណែក អ្នករួមដំណើរឈ្មោះ កៀន សុរិយា ភេទ ប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ រងបួសធ្ងន់។

មូលហេតុបណ្ដាលមកពីកត្តា​មនុស្ស​ បើកបរហួសល្បឿនកំណត់ ជ្រុសចង្កូតទៅបុកបង្គោលចំណាំងផ្លាតបណ្ដាលឱ្យបាក់ រួច​ជ្រុល​ទៅបុកម៉ូតូដែលចតទុកក្នុងផ្ទះ និងរំលំសសរសំយាមផ្ទះរបស់ប្រជាពលរដ្ឋមួយទៀត។

បច្ចុប្បន្នម៉ូតូត្រូវបានផ្ងើរទុកនៅផ្ទះរបស់​ប្រជាពលរដ្ឋ​ រីឯជនរងគ្រោះទាំងពីរត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។

ដោយ៖ វួច ពឿន

ប្រភព៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា​ ការិយាល័យ​ផ្សព្វផ្សាយ អប់រំ​ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន