ក្រុមប្រឹក្សាខេត្តប៉ៃលិនប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣


ព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់នាយកនាយករងរដ្ឋបាលខេត្ត លោកលោកស្រីអភិបាល ក្រុង /ស្រុក ប្រធាន  អនុប្រធានមន្ទីរជំនាញជំវិញខេត្ត មេបញ្ជការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ផងដែរ។

កិច្ចប្រជុំដើម្បី៖ទី១/ពិនិត្យ និងអនុម័តដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត​។​ទី២/ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាញ្ញលើកទី១។ទី៣/ពិនិត្យ និងអនុម័តរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្តដា ឆ្នាំ២០១៩។ទី៤/ពិនិត្យ និងអនុម័តដីកា ស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ ខែឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិនអាណត្តិទី៣។ ទី៥/ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្តប៉ៃលិន។ និង ទី៦/បញ្ហាផ្សេងៗ។

កិច្ចប្រជុំបានពិភាក្សានិងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដូចជា៖ទី១/ការធ្វើរបាយការណ៍អង្គភាពមួយចំនួនមិនទាន់បានល្អ ។ទី២/ប្រជាពលរដ្ឋរអ៊ូរទាំពីការធ្វើប្លង់ដី ស្តីពីការផ្ទេរ​កម្ម​សិទ្ធិ យតយ៉ាវ។ទី៣/​ការិយាល័យប្រជាពលរដ្ឋមិន​ទាន់រៀបចំ​អោយ​បាន​ត្រឹមត្រូវ​នៅ​ឡើយ គឺខ្វះមន្រ្តី សំភារៈការិយាល័យ។​ទី៤/ក្រុមហ៊ុនចំណតរថយន្ត​អសកម្ម មិនរៀបចំ​កន្លែង​អោយបានត្រឹមត្រូវ គ្មានសណ្តាប់ធ្នាប់ អនាម័យ។ទី៥/ផ្លូវនៅត្រង់​ចំណុច​សាលា​ខេត្ត វត្តប៉ាហ៊ី មន្ទីរបក្ស គឺមានក្រឡុកបែកបាក់ ពិបាកធ្វើដំណើរ និងបាត់បង់​សោ​ភ័ណ្ឌ​ភាពខេត្ត។ទី៦/បញ្ហានៅច្រកទ្វាអន្តរជាតិព្រំ មួយរយៈនេះស្ងាត់ ក្រុមហ៊ុន អាជីវករ នានា ធ្វើការនាំចេញនាំចូលទំនិញថយចុះ ដែលធ្វើអោយបាត់បង់ចំណូល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់មន្ទីរជំនាញនិងកងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់បំរើ និង ផ្តល់សេវាសាធាណៈ  ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។   ទន្ទឹមនេះអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ធត្រូវធ្វើរបាយការណ៏អោយបានទាន់ពេលវេលា ដើម្បី​អោយនាយករដ្ឋបាលធ្វើការរៀបចំអោយបានត្រឹមត្រូវប្រគល់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យ ។ ចំពោះបញ្ហាប្រឈមនានាដែលសមាជិកក្រុមក្រុមប្រឹក្សាលើកឡើងនៅពេលនេះ រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ជំរុញដល់អង្គភាពស្ថាប័នដែលជាប់ពាក់ព័ន្ធធ្វើការដោះស្រាយជាបន្តបន្ទាប់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន សំដៅកែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់ ។ជាមួយគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់អង្គភាពមន្ទីរស្ថាប័នទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនអោយ ទទួលខុសត្រូវខ្ពស់ ហើយ ត្រូវរៀនសូត្រពង្រឹងសមត្ថភាពអោយទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន ព្រមទាំងសិក្សាស្វែងយល់ពីនិតិវិធីយុទ្ធសាស្រ្តបន្ថែមទៀតក្នុងន័យអនុវត្តការងារជាក់      ស្តែងទទួលបានជោគជ័យនៅក្នុងឆ្នាំ២០១៩នេះ។

ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តដែលបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហានានា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានសំនូមពរដល់គណៈអភិបាលខេត្ត ត្រូវពង្រឹងការ គ្រប់គ្រងរដ្ឋបាលអោយបានរឹងមាំ ជំរុញការអនុវត្តការងារដល់មន្ទីរអង្គភាពនានា ដើម្បីឆ្លើយតបបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស ការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវគោលនយោបាយភូមិឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះ​ត្រូវខិតខំ​សាមគ្គីផ្ទៃក្នុងអោយបានល្អ រវាងថ្នាក់ដឹកនាំ និងមន្រ្តីក្រោម​ឱវាទដើម្បីចូលរួម​កសាងអភិវឌ្ឍន៍ខេត្ត និងរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាល​អោយបានគង់វង្សជានិរន្ត៕