ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញបើកវិញ្ញាសារប្រលងបាក់ឌុប ឆ្នាំ២០១៩ នៅមណ្ឌលប្រលងវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន


ព្រឹកថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកវិញ្ញាសារប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលប្រលង វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ឆ្លៀតឱកាសមុនការប្រលងចូលមកដល់ ឯកឧត្តម ផាន់ ចាន់ធុល បានណែនាំដល់ប្រធានមណ្ឌល ប្រធានអប្បមាទ និងជាអនុរក្ស ត្រូវត្រួតពិនិត្យអោយបានតឹងរឹងចំពោះបេក្ខជនទាំងអស់ ដោយមិនត្រូវឲ្យនាំចូលនូវសំណេរ​ឯកសារ ប្រយ៉ុង​ ឬគ្រឿងអេឡិចត្រូនិចចូលក្នុងបន្ទប់ប្រឡងឡើយ។ សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងប្រលងដោយប្រើសមត្ថភាព ចំណេះដឹងរបស់ខ្លួនឯង ដើម្បីចម្រាញ់បាននូវធនធានមនុស្សពិតប្រាកដ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ចូចជាក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងយកចិត្តទុកដាក់ក្នុងការប្រលង ដើម្បីទទួលបាន​ជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ថា៖ បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ ខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៤៩៥នាក់, ស្រី ២៥៤នាក់ ក្នុងនោះបេក្ខជនមកពីវិទ្យាល័យ ហ៊ុនសែនសាលាក្រៅ មានចំនួន ១១០នាក់ ស្រី៥៤នាក់។ ចែកជា ២មណ្ឌល គឺ មណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន