ប្រធានមន្ទីរព័ត៌មាន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងភ្នាក់ងារព័ត៌មានក្នុងខេត្តប៉ៃលិន


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក យូ ពៅ ប្រធានមន្ទីរមានខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងភ្នាក់ងារសារព័ត៌មានក្នុងខេត្តប៉ៃលិន មកពី១២អង្គភាព សំរាប់ឱកាសចំណាច់ឆ្នាំសកល ឆ្នាំ២០១៩ ចូល២០២០។

លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានបានមានប្រសាសន៍ថា៖  វិស័យព័ត៌មានដើរតួរយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានពិតពីថ្នាក់ដឹករាជរដ្ឋាភិបាលទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយពីបងប្អូនប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំវិញ តាមរយៈការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ គេហទំព័រ បណ្តាញសង្គម និងអត្ថបទការសែត ជាដើម។ ស្ថាប័នព័ត៌មានរបស់រដ្ឋ ក៏មានតួនាទីសំខាន់មួយទៀត គឺការផ្សព្វផ្សាយបំភ្លឺឆ្លើយតបទាន់ពេលវេលាទៅនឹងការផ្សាយព័ត៌មានបំផ្លើសការពិត របស់បុគ្គលមួយចំនួនឬ ស្ថាប័នព័ត៌មានមួយចំនួន ដែលធ្វើអោយប៉ះពាល់ដល់នយោបាយដឹកនាំរបស់រដ្ឋាភិបាល និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របស់សង្គមជាតិជាដើម។ លោកប្រធានមន្ទីរក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិនទាំងអស់ត្រូវគោរពអោយបាននូវវិន័យ សណ្តាប់ធ្នាប់ការងារ និងប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ រឹងមាំជាធ្លុងមួយ ដើម្បីសម្រេចបាននូវបេសកកម្មដ៏ពិសិដ្ឋរបស់ស្ថាប័នសារព័ត៌មានយើង និង​សូមណែនាំអោយភ្នាក់ងារសារព័ត៌មានទាំង១២នៅក្នុងខេត្តប៉ៃលិន ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងត្រូវផ្សព្វផ្សាយអ្វីដែលចំណេញសម្រាប់ជាតិ ប្រជាជនរបស់យើង។ ម៉្យាងទៀត ភ្នាក់ងារសារព័ត៌មានទាំងអស់ក្នុងខេត្តប៉ៃលិន ត្រូវត្រូវមកចុះបញ្ជីនៅការរិយាល័យព័ត៌មាន និងសោតទស្សន៏អោយបានគ្រប់ៗគ្នាសម្រាប់ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិនមានមន្រ្តីក្របខណ្ឌចំនួន ១៨ នាក់ ស្រី៣នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន២០នាក់ ស្រី ១៥នាក់។ ភ្នាក់ងារសារព័ត៌មានទាំងអស់សរុបមានចំនួន១២ អង្គភាព៕ ពិនិត្យ កែសម្រួល៖ វួច ពឿន