អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីរាជការសម្អាតអនាម័យសាធារណៈសួនស្តេចកន


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ធូ ភា អភិបាលរងខេត្ត បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យសាធារណៈនៅលើកំណាត់ផ្លូវលេខ៥៧ចំណុចសួនស្តេចកន ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបង្កើនបរិស្ថានល្អ សោភ័ណភាពអោយកាន់តែមានស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមភិបាលខេត្តប៉ៃលិន បន្តថា កន្លងមករដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវ៉ាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង។យើងត្រូវដឹងថា៖ «បើសិនមិនមានការចូលរួមពីប្រជាពលរដ្ឋទេ ហើយពឹងផ្អែកតែទៅលើបុគ្គលិកអនាម័យ ឬពឹងតែទៅលើមន្ត្រីមន្ទីរបរិស្ថាន រដ្ឋបាលក្រុង  និងក្រុមហ៊ុនប្រមូលសំរាម គឺអនាម័យបរិស្ថានក្នុងក្រុងប៉ៃលិនយើង មិនស្អាតនោះទេ ដូច្នេះបញ្ហានេះ វាទាល់តែមានការចូលរួមទាំងអស់គ្នា ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដី គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណាអ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ មិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព»។ នេះជាការអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្ត ដល់ពលរដ្ឋ និងអាជីវករក្នុងខេត្តទាំងអស់។

ពាក់ព័ន្ធនឹងបញ្ហាសំរ៉ាមនេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ករណីសំរាមនៅតែជាបញ្ហាចោទ ដោយសារប្រជាពលរដ្ឋមួយ​ចំនួន គាត់មិនបានចូលរួមសហការជា​មួយក្រុមហ៊ុនអនាម័យខេត្ត ហើយបានយកសំរាមទៅបោះចោល​ពាលវាលពាសកាល តាមទីសាធារណៈ ដែលធ្វើឱ្យបាត់បង់សោ​ភ័ណ​ភាពទីក្រុង។

បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន បានអោយ​ដឹងថា៖ ខេត្តប៉ៃលិន រយៈពេល៤ ឆ្នាំ ចុងក្រោយ ទិន្នន័យសំណល់​រឹង មានការកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០១៦-២០១៧ បរិមាណ​សំរាម​មាន​ចំនួន ៣០.៥០តោនក្នុងមួយថ្ងៃ និងក្នុងឆ្នាំ​២០១៨-​២០១៩ បរិមាណសំរាមមានចំនួន ៣៦.៤០ តោនក្នុងមួយថ្ងៃ ដែល​មានវិសាលភាពនៃការគ្រប់គ្រងបរិស្ថានមានផ្ទៃដីរួម១០៦២ គីឡូម៉ែត្រការ៉េ៕

សូមបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាននេះ មានការចូលរួមសហការពីក្រុមហ៊ុនអនាម័យខេត្ត ដោយប្រើប្រាស់រថយន្តដឹកសម្រាមចំនួន ៣គ្រឿង និងរថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៤គ្រឿង ដើម្បីបាញ់លាងសម្អាតផ្លូវថ្នល់ក្នុងទីរួមខេត្ត ឱ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ៕