ឯកឧត្តម អ៊ី ឈាន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈបូជា និងភ្លេងពិណពាទ្យ ដល់លោកយាយយ៉ាត


ព្រឹកថ្ងៃទី២​ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងរថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន និង មន្ត្រីរាជការជាច្រើននាក់ទៀត បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ និងថ្វាយគ្រឿងសក្ការៈបូជា ព្រមទាំងភ្លេងពិណពាទ្យ ដល់លោកយាយយ៉ាតដែលមានបារមី ចាំថែរក្សាការពារទឹកដី ប្រជាពលរដ្ឋខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តមសេនីយ៍អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងរថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិនមានជំនឿយ៉ាងមុតមាំណាស់ មកលើបារមីលោកយាយយ៉ាតខេត្តប៉ៃលិន។ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថា​ បារមីលោកយាយយ៉ាតធ្លាប់បានជួយឯកឧត្តមផ្ទាល់ ព្រមទាំងនាយ និងពលទាហាន អោយរួចផុតពីការឡោមព័ទ្ធរបស់សត្រូវ កាលពីសម័យសង្រ្គាម និងធ្លាប់បានបង្ហាញនូវរូបពិតរបស់លោកយាយអោយឯកឧត្តមបានឃើញផងដែរ។ ហេតុដូច្នេះទើបឯកឧត្តម អញ្ជើញវិចិត្រករដែលមានជំនាញខ្ពស់ ដើម្បីពន្យល់ពីភិនភាគរបស់លោកយាយយ៉ាតអោយវិចិត្រករគូរតាម។ ជាលទ្ធផល គឺវិចិត្រករបានគូគំនូររបស់លោកយាយយ៉ាត បានដូចរូបពិត ដែលឯកឧត្តមធ្លាប់បានឃើញ ហើយឯកឧត្តមក៏បានអោយជាងឆ្លាក់រូបសំណាកលោកយាយយ៉ាតតែម្តង ដែលរូបលោកយាយយ៉ាតពិតនោះ គឺដូចទៅនឹងរូបចំលាក់របស់លោកយាយនៅតាមជើងភ្នំយ៉ាតសព្វថ្ងៃនេះ។

បច្ចុប្បន្ននេះ ឯកឧត្តមនាយឧត្តមសេនីយ៍អ៊ី ឈាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិននៅតែមានជំនឿយ៉ាងមុតមាំលើបារមីលោកយាយយ៉ាត ហើយបារមីលោកយាយយ៉ាត ក៏នៅតែតាមថែរក្សាថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិន ការពារការយាយីពីមារសត្រូវ នាំមកនូវ  សេចក្តីសុខ សប្បាយ ចំរ៉ុងចំរើន ជូនប្រជាពលរដ្ឋខេត្តប៉ៃលិន៕ វួច ពឿន