ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន


ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ដើម្បីពង្រឹងការអនុវត្តការងារ ភារកិច្ច របស់មន្រ្តីរាជការនៃមន្ទីរកិច្ចការនារីខេត្តអោយបានកាន់តែល្អប្រសើ និង ប្រគល់ដីកាជូនលោកស្រី ចន្ទ ថាវី ជាប្រធានស្តីទីមន្ទីរកិច្ចការនារីខេត្ត ដើម្បីដឹកនាំ និងចាត់ចែងការងារនៅក្នុងអង្គភាពអោបានរលូនបន្តទៀត ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី សៀង សូនីដា អតីតប្រធានមន្ទីរកិច្ចការនារីចាស់ និងមន្រ្តីក្រោមឱវាទទាំងអស់ដែលកន្លងមកបានអនុវត្តនូវស្មារតីសាមគ្គីភាព សហការគ្នាយ៉ាងល្អ ក្នុងការបំពេញការងារ ភារកិច្ចរបស់ខ្លួន ក្នុងការបំរើជាតិ ប្រជាជន។ ឯកឧត្តមបានមានប្រសាសន៍ថា ប្រធានមន្ទីរដែលគ្រប់អាយុត្រូវចូលនិវត្តន៍ គឺត្រូវតែចូលនិវត្តន៍តាមការកំណត់ដោយច្បាប់ និងជំនួសមកវិញនូវប្រធានមន្ទីរស្តីទី ដើម្បីដឹកនាំអនុវត្តការងារបន្តទៀត។ ដូច្នេះមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវគោរពតាមការដឹកនាំ ចាត់ចែងរបស់ប្រធានមន្ទីរស្តីទីថ្មី ដើម្បីអោយដំណើរការការងារក្នុងអង្គភាពទៅបានដោយរលូនល្អ រហូតដល់ប្រធានមន្ទីរថ្មីត្រូវបានប្រកាសជាផ្លូវការ។ ឯកឧត្តមក៏បានមានប្រសាសន៍ជំរុញលើកទឹកចិត្តអោយមន្រ្តីរាជការនៃមន្ទីរកិច្ចការនារីទាំងអស់ត្រូវខិតខំអនុវត្តការងារអោយបានល្អ  ព្រោះគុណសម្បត្តិ មុខតំណែងក្នុងអង្គភាពកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីម្នាក់ៗ។

បើតាមដីកាលេខ ២៩/១៨ ដក.តត ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដែលអានដោយ លោក  ញ៉ូវ គង្គា ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ត្រូវបានប្រគល់សិទ្ធិជូន លោកស្រី ចន្ទ ថាវី ជាប្រធានស្តីទី នៃមន្ទីរកិច្ចការនារីខេត្ត ដើម្បីដឹកនាំ និងចាត់ចែងការងាររួម នៅក្នុងមន្ទីរ ជំនួសលោកស្រី សៀង សូនីដា អតីតប្រធានមន្ទីរ ត្រូវបានចូលនិវត្តិន៍ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ រហូតដល់មានការតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្ត ជាផ្លូវការ៕ វួច ពឿន