គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨


នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ​មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ចុះជួយខេត្ត ។ កិច្ចប្រជុំនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បាន ស្រីមុំ ​ អនុប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះជួយខេត្ត និងជាបេក្ខជនជាប់ឆ្នោតមណ្ឌលប៉ៃលិន អណត្តិទី៦ ឯកឧត្តម កើត សុ ធា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលពីសំណាក់​ថ្នាក់ដឹកនាំ គណបក្សគ្រប់ជាន់ថ្នាក់ប្រមាណ ៣០០នាក់ផងដែរ។

បន្ទាប់ពីឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានធ្វើរបាយការណ៍សង្ខបបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ រួចមក លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌល់ប៉ៃលិន បានមានប្រសាសន៍ថា៖ នៅអណត្តិទី៥ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ជួបប្រទះនូវឧបសគ្គតូច ធំ រាប់មិនអស់ ព្រមទាំងសភាពការណ៍​តានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត រហូតឈានដល់មានពួកក្បត់ជាតិ ឃុបឃិតជាមួយបរទេស រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៀតផង។​ ប៉ុន្តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំជម្នះនូវរាល់ឧបសគ្គ ឈានទៅទទួលបាននូវស្ថានភាពល្អប្រសើរទាំងសន្តិសុខសាធារណៈ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម​។  លោកជំទាវ បាន ស្រីមុំ ក៏បានប្តេជ្ញាថា៖ សម្រាប់អាណត្តិទី៦ នៃរដ្ឋសភានេះ ក្រុមការងារតំណាងរាស្តខេត្តប៉ៃលិន នឹងខិតខំយក​ចិត្តទុកដាក់បំរើប្រជាពលរដ្ឋ​ឱ្យបានកាន់តែល្អប្រសើរឡើង ដូចជា៖ ១-ការរៀបចំក្រុមការងារការិយាល័យតំណាងរាស្ត្រឱ្យដល់មូលដ្ឋាន ២-រៀបចំក្រុមការងារផ្តល់សេវ៉ាផ្នែកសុខមាលភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ៣-រៀបចំមូលនីធិចាស់ជរា ៤-ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និង៥-ខិតខំឆ្លើយតប និងដោះស្រាយនូវរាល់សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ​ចំពោះថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស បានប្រគល់ជូន ធ្វើអោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ក៍បានឧបត្ថម្ភដល់ក្រុមការងារបក្សភូមិ ឃុំ/សង្កាត់ ចំនួន ២៨៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា ៣ម៉ឺនរៀលផងដែរ។