ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បរយ៉ាខា ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា


ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អនុប្រធានគណបក្សខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា ព្រមទាំងក្រុមការងារ បានអញ្ជើញធ្វើកម្មវិធីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋចំនួន ០២ភូមិ គឺភូមិបរហ៊ុយត្បូង និងភូមិបរហ៊ុយជើង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប សម្រាប់អណត្តិទី៦នេះ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ លទ្ធផលយ៉ាងធំធេងនេះ បានសរបញ្ជាក់ឲ្យឃើញថា៖១៖ ប្រជាជនត្រូវការសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ចរីកចម្រើន និងការអភិវឌ្ឍក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី។២៖ មើលឃើញយ៉ាងច្បាស់ពីការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ដែលបានរំដោះប្រទេសជាតិ ពីគ្រោះមហន្តរាយនៃសង្គ្រាមស៊ីវិលរាំរ៉ៃ មកជាប្រទេសវិវឌ្ឍន៍ រីកចម្រើនទាំងសេដ្ឋកិច្ច វប្បធម៌ នយោបាយ ការទូត និងលិទ្ធិប្រជាធិបតេយ្យ ស្នើមុខ ស្នើមាត់លើឆាកអន្តរជាតិ ពិសេសនៅក្នុងសហគមន៍អាស៊ាន។៣៖ សំឡេងគាំទ្រយ៉ាងច្រើនលើសលុប បង្ហាញពីឆន្ទះមោះមុតរបស់ពលរដ្ឋ ដែលបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់សិទ្ធិជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ ឯកឧត្តម ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះលោក លោកស្រី  ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយសង្កាត់ ភូមិ ដែលបានខិតខំ ប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុន និងក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត រហូតសម្រេចទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់។ ឯកឧត្តម ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារចុះជួយក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវបន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ សែន ថា៖១៖ ត្រូវបន្តចុះជួយពលរដ្ឋនៅមូលដ្ឋាន ឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហា តម្រូវការជាក់ស្តែង និងចាំបាច់ជូនពលរដ្ឋ។២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុក ដាក់អនុវត្តន៍នូវគោលនយោបាយទាំង០៩ ចំណុច របស់គណបក្សប្រជាជន ឲ្យបានល្អប្រសើរ។៣៖ បន្តអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈគ្រប់បែប យ៉ាងជូនប្រជាពលរដ្ឋ ៕ វួច ពឿន