អាជ្ញាធរខេត្តប៉ៃលិន ទូងស្គរអបអរសាទរ ការដាក់ល្ខោនខោលកម្ពុជា ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក


នៅម៉ោងវេលា ១០៖០០នាទីយប់ ថ្ងៃសុក្រ ៨រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទី ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ជំទាវ សោ មុន្នីរ័ត្ន, លោកជំទាវ ជា លាភ អភិបាលរងខេត្ត, ឯកឧត្តម ហែម ឬទ្ធី, ឯកឧត្តម ហុកសុផល អភិបាលរងខេត្ត លោកអភិបាលក្រុងប៉ៃលិន លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត បានមកជួបជុំគ្នានៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ដើម្បីទូងស្គ អបអរសាទរ ល្ខោនខោលរបស់ខ្មែរយើង ដែលត្រូវបានគណកម្មាការអន្តររដ្ឋាភិបាល សំរាប់ការការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ សម្រេចយល់ព្រមដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទីខេត្តខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដើម្បីជាការចូលរួមអបអរសាទរ និងជាមោទនភាពជាតិដ៏ធំធេង រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីទូងស្គរជ័យអបអរការចុះបញ្ជីល្ខោនខោល ក្នុងបញ្ជីបេតិកភ័ណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការ យូណេស្កូ ដែលសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថាៈ សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខ និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈ វប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តម បានបន្តទៀតថា៖ ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕

ពិនិត្យ កែសម្រួល៖ វួច ពឿន