មន្ទីរអប់រំ យុវជន និងកីឡាធ្វើសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡាប្រចាំឆ្នាំសិក្សា២០១៧- ២០១៨


ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន មានធ្វើសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡាប្រចាំឆ្នាំសិក្សា២០១៧- ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោក​- លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង​ស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំទូទាំងខេត្ត សរុប២៥០នាក់។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងការរំភើបរីករាយ និងគោរពដ៏ជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយព្រហ្មវិហារធម៌ និងការយកចិត្តទុកដាក់របស់គណអភិបាលខេត្តប៉ៃលិន និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ចំពោះវិស័យអប់រំ យុវជន និងកីឡា ពិសេសការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បុព្វហេតុនៃការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានមានប្រសាសន៍ថាៈ នៅក្នុងឆ្នាំសិក្សា២០១៧-២០១៨ កន្លងមក លោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ បានសហការជាមួយសហគមន៍ អាជ្ញាធរដែនដី ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្ម និងពុះពារគ្រប់ឧបសគ្គលើមូលដ្ឋានកំណែទំរង់ស៊ីជំរៅទាំង ៨ចំណុចសំខាន់ៗ ដែលបានដាក់ចេញដោយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អោយទទួលបានលទ្ធផលជាផ្លែផ្កា។ លោកបានមានប្រសាសន៍បន្តថា តាមរយៈអង្គសន្និបាតនេះ នឹងរកឃើញនូវចំនុចសកម្ម និងអសកម្មនានាដែលបានអនុវត្តនាពេលកន្លងមក និងធ្វើការកែតម្រូវ ការត្រិះរិះពិចារណា ពិភាក្សាមុននឹងដាក់ចេញនូវទិសដៅតទៅមុខ ក្នុងនោះត្រូវធ្វើអោយមានការអភិវឌ្ឍបន្ថែមទៀតប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន ដោយធានាអោយបានសមស្របនូវតុល្យភាពរវាងបរិមាណ និងគុណភាពអប់រំ។

ឯកឧត្តម ចេញ ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការវិន្និយោគយ៉ាងច្រើនលើវិស័យអប់រំ ដោយមានការកសាងសាលារៀនយ៉ាងច្រើនតាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយ៉ាល និងមានការពង្រឹងគុណភាពអប់រំបានយ៉ាងល្អប្រសើ ទាំងបរិមាណ និងគុណភាព។ ទាំងអស់នេះគឺកើតឡើងដោយសារតែស្រុកទេសរបស់យើងមានសុខ សន្តិភាព និងមានការអភិវឌ្ឍដោយឥតឈប់ឈរក្នុងរយៈពេលតែ២០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេស។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះមានមនុស្សមួយក្រុមកំពុងតែព្យាយាមធ្វើសកម្មភាពប្រោសរចនាសម្ព័ន្ធបក្សដែលព្យាយាមធ្វើបដិវត្តពណ៌នៅកម្ពុជាអោយរស់ឡើងវិញ ក៏ប៉ុន្តែពួកគេនឹងមិនអាចទទួលជោគជ័យបានទេ។ ពួកគេទាំងនោះកំពុងតែគៀងគរអោយបរទេសដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបញ្ឈប់ការអនុគ្រោះពន្ធនាំចូលទៅទីផ្សារសហភាពអឺរ៉ុប ការឈប់ផ្តល់ជំនួយអភិវឌ្ឍន៍ ការមិនផ្តល់ទិដ្ឋការអោយមន្រ្តីរដ្ឋាភិបាលមួយចំនួនធ្វើដំណើទៅកាន់សហរដ្ឋអាមេរិកជាដើម។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានភាពម្ចាស់ការដោយខ្លួនឯងបាន។ រាជរដ្ឋាភិបាលកម្ពុជាចង់មានចំណងមិត្តភាពជាមួយប្រទេសដទៃទៀត ក៏ប៉ុន្តែត្រូវមានភាពស្មើមុខស្មើមាត់ មិនមែនចងមិត្តជាមួយកម្ពុជា, ផ្តល់ជំនួយដល់កម្ពុជាហើយមកបញ្ជានេះ បញ្ជានោះ អោយកម្ពុជាធ្វើតាមខ្លួនចង់បាននោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា វិស័យអប់រំសំបូរដោយមនុស្សដែលមានចំនេះដឹង សំបូរដោយបញ្ញាជន។ បញ្ញាជននេះបានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែពេលខ្លះនឹងធ្វើអោយមានហានិភ័យ មានគ្រោះថ្នាក់ដល់នយោបាយដឹកនាំជាតិ ប្រសិនបើមិនមានការពិចារណាអោយបានច្បាស់ពីតថភាពនៅក្នុងសង្គមជាតិរបស់ខ្លួននោះទេ។ ជាក់ស្តែនៅប្រទេសមួយចំនួននៅលើពិភពលោក ក៏កំពុងកើតឡើងនូវភាពវឹកវរ ចលាចលដោយសារការធ្វើបាតុកម្មទំលាក់រដ្ឋាភិបាលពីសំណាក់និស្សិត បញ្ញាវន្ត និងមហាជន ដែលបង្ករជាវិបត្តនយោបាយ និងវិនាសហិនហោចដល់សង្កមជាតិនោះទាំងមូលផងដែរ។ ដូច្នេះលោកគ្រូ អ្នកគ្រូ បុគ្កលិកអប់រំដែលមានវត្តមានទីនេះត្រូវគិតពិចារណានូវបទពិសោធទាំងអស់នេះ ហើយគួជៀសវាងយកតម្រាប់តាម និងត្រូវអប់រំដល់សិស្សានុសិស្សបន្តទៀត អោយបានយល់ និងដើរតាមបន្តាត់នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋភិបាលកម្ពុជាដើម្បីភាពសុខសាន្ត រុងរឿងរបស់ប្រទេសជាតិរបស់យើង។

សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ខេត្តប៉ៃលិន មានសាលារៀនចំនួន ១១៤សាលា ក្នុងនោះ មត្តេយ្យសិក្សាចំនួន ២៥សាលា, បឋមសិក្សាចំនួន ៤៩សាលា ,អនុវិទ្យាល័យចំនួន ៨សាលា និងវិទ្យាល័យចំនួន ២សាលា ។ មត្តេយ្យសិក្សាសហគមន៍ចំនួន ១២សាលា, មត្តេយ្យឯកជន ៩សាលា, និងបឋមសិក្សា ឯកជន ៩សាលា ដោយមានសិស្សានុសិស្សសរុបចំនួន ១៧៨២៧នាក់ ស្រី ៨៨១៧នាក់ និងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៧៤៩នាក់ ស្រី៣៣៥នាក់៕

ដោយ៖ វួច ពឿន