លោក ស៊ុន យី ត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងប៉ៃលិនសំរាប់អាណត្តទី២


រសៀលថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩, នៅសាលាក្រុងប៉ៃលិន មានធ្វើពិធីប្រកាសតែងតាំងមុខដំណែងអភិបាល អភិបាលរងក្រុងប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចេង ញ៉ាន់ និង ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន កងកម្លាំងប្រដាប់អាវុធ លោក/លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងមានលោកមេឃុំ ចៅសង្កាត់ជាច្រើននាក់បានចូលរួមផងដែរ។

លោកសោ សុវណ្ណ នាយករដ្ឋបាលស្តីទីសាលាខេត្តប៉ៃលិនបានអានអនុក្រិត ស្តីពីការតែងតាំង និងផ្លាស់ប្តូរមុខតំណែងថ្មី របស់ក្រសួងមហាផ្ទៃ ដែលសម្រេច ការតែងតាំង៖​ ទី១/ លោក ស៊ុន យី ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ១ ជាភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន ខេត្តប៉ៃលិន សម្រាប់អាណត្តិទី២ ។ទី២/ លោក សេង វណ្ណថា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ៃលិន សម្រាប់អាណត្តិទី២។ ទី៣/ លោកស្រី ព្រំ សាវី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មានប្រសាសន៏សំណេះសំណាលក្នុងពិធីប្រកាសតែងតាំងអភិបាលក្រុងប៉ៃលិននេះ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការផ្លាស់ប្តូរតួនាទីភារកិច្ច ការតែងតាំងមុខតំណែងថ្មីរបស់អភិបាល អភិបាលរងខេត្ត,  អភិបាល អភិបាលរងក្រុង ស្រុក គឺជាការងារប្រក្រតីរបស់រាជរដ្ឋាភិបាលដែលត្រូវបានធ្វើជាទៀងទាត់ ដើម្បីបង្កើនសកម្មភាព និងប្រសិទ្ធភាពការងារអោយប្រសើឡើង។ តែទោះជាយ៉ាងណា អភិបាលខេត្ត អភិបាលក្រុង ស្រុក អាចកាន់តំណែងបានតែពីរអាណត្តិការងាររបស់ខ្លួន បើធ្វើការងារបានល្អ ទទួលការគាំទ្រពីមហាជន ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួននោះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយមាននាំណែនាំជាប្រចាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសមាគមន៏ និងប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្តដោយភាពទទួលខុសត្រូវខ្ពស់នូវកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើអោយខេត្តប៉ៃលិនរក្សាបាននូវសុខសន្តិភាព និងរបៀបរាបរយល្អ បង្ករដល់ការអភិវឌ្ឍន៏លើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូធារ និងរីកចំរើនគួជាទីមោទណៈ។ ឯកឧត្តមក៏បានមានប្រសាសន៏ ផ្តាំផ្ញើរដល់មន្ត្រីរាជការ កងកម្លាំងមានសម្ថតិកិច្ច មេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៏នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោលនយោបាយកំណែទំរងស៊ីជំរូវរបស់រដ្ឋាភិបាលកម្ពុជាជំណាក់កាលទី៤ ដោយផ្តោតលើការអនុវត្តន៏អោយបាននូវ អភិក្រមទាំងប្រាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តន៏អោយបានគោលការណ៍បីគឺ៖ ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយតម្លាភាព។ ត្រូវប្រែខ្លួនពីចៅហ្វាយនាយទៅជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងពិតៗ ដើម្បីរួមចចំណែកលើកំពស់គោលនយោបាយកំណែទំរងស៊ីជំរៅ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងបង្កើតបានការស្រលាញ់រាប់អានពីសំណាក់បងបង្អូនប្រជាពលរដ្ឋ អាជីវករ ពលករ គ្រប់ស្រទាប់ ក្នុងដែនសម្ថតិកិច្ចរបស់ខ្លូន៕ ដោយ៖ វឿន វ៉េត