រដ្ឋបាលខេត្តប៉ៃលិន រៀបចំទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៤ ឆ្នាំ២០១៩


នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩  រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គ្គីភ័យ ក្នុងបរិវេណសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្អូនៗក្រុមកាយរិទ្ធ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមលោកឧត្តមសេនីយត្រី ស៊ិន សុភាលក្ម្សី ស្នងការរងទទួលការងារបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលកខេត្តប៉ៃលិន បានអោយដឹងថា៖ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើង ដើម្បីជំរុញ ដល់ប្រជាពលរដ្ឋមានកាប្រុងប្រយ័ត្នខ្ពស់ ចំពោះ គ្រោះអគ្គិភ័យ ដែលកើតឡើងជាយថាហេតុ។ លោកស្នងការរង បានបញ្ជាក់ទៀតថា៖ ចំពោះគ្រោះអគ្គីភ័យនៅឆ្នាំ២០១៧ បើប្រៀបធៀបឆ្នាំ២០១៨ មានការថយចុះចំនួន៦ករណី ប៉ុន្តែមកដល់ត្រីមាសទី១ ដើមឆ្នាំ២០១៩ គ្រោះអគ្គីភ័យ មានការកើនឡើង០៦ករណី ក្នុងនោះមាន ឆេះព្រៃចំនួន ០៣លើក,ឆេះបង្គោលភ្លើង ១លើក,ឆេះត្រាក់ទ័រ ១លើក និងឆេះផ្ទះ ១លើក។ បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០១៨ គ្រោះអគ្គីភ័យ មានការកើនឡើងចំនួន ០៤ករណី ។ លោកបានបន្តទៀតថា៖ ក្រៅពីសកម្មភាពជួយអន្តរាគមន៍ មន្រ្តីជំនាញ បានចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ម្ចាស់រោងចក្រ សហគ្រាស និង ប្រជាពលរដ្ឋ អំពីរបៀប នៃការសង្រ្គោះបឋម ព្រមទាំងបង្ហាត់បង្រៀន  អំពីរបៀបនៃការប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ នៅពេលមានអគ្គិភ័យកើតឡើង ជាយថាហេតុផងដែរ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន  បានមានប្រសាសន៍ថា៖ ទិវាប្រារព្ធការបង្ការ និងពន្លត់អគ្គីភ័យនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានឆ្លុះបញ្ចាំង ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស អំពីការខិតខំយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ដែលបានចូលរួមការពារអាយុជីវិត ទ្រព្យសម្បត្តិ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាលខេត្ត ក៍មានប្រសាសន៍បន្តថា៖ គ្រោះអគ្គីភ័យ ពិតជា បានបង្កនូវ វិនាសកម្ម បាត់បង់អាយុជីវិត ធ្លាក់ខ្លួនពិការ ភាព ចំពោះបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និង ឯកជន  ហើយ ការបង្ការ និងពន្លត់អគ្គីភ័យ វាជាភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ ។ ឯកឧត្តមអភិបាលខេត្ត ក៍មានប្រសាសន៍ផ្តាំផ្ញើ និងអំពាវនាវ ដល់សមត្ថកិច្ចជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ការ និង ពន្លត់អគ្គិភ័យ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹង អំពីវិធានការណ៍បច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យ នៅគ្រប់សណ្ឋាគារផ្ទះ សំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនក្លឹប កម្សាន្តតាមផ្សារ និងអាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យ ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរ ដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ កន្លងមក ក្នុងការចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះអគ្គីភ័យ បានទាន់ពេលវេលា។

ក្នុងឱកាសនៃទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យនេះ កងកំលាំងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនក៏ បានបង្ហាញពីសកម្មភាពស្តីពីការពន្លត់អគ្គីភ័យ និងការជួយសង្រ្គោះបឋមដល់ជនរងគ្រោះ ដល់គណអធិបតី មន្រ្តីរាជការ ប្រជាពលរដ្ឋ និងស្សានុសិស្សបានទស្សនាផងដែរ៕ ដោយ៖ វួច ពឿន