ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តប៉ៃលិន


 

ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ មានឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ប្រតិភូអមដំណើរ ឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកមេបញ្ជាការ បញ្ជាការរងកំលាំងប្រដាប់អាវុធ លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ លោកមេឃុំ ចៅសង្កាត់ជាច្រើនរូប។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ឆ្លងតាមអង្គសន្និបាតរយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែមីនាឆ្នាំ២០១៩នេះ បានរកឃើញនូវបទពិសោធល្អៗ បញ្ហាប្រឈម សំណូមពរ និងទិសដៅជាអាទិភាពសំរាប់អនុវត្តក្នុងឆ្នាំ២០១៩ មានដូចជា៖ ទី១/បន្តពង្រឹង និងខិតខំលើកកំពស់ការងារ អោយកាន់តែមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងខេត្ត ដូចជា៖ ទប់ស្កាត់បទល្មើស បង្រ្កាបបទល្មើស ការបង្រ្កាបបទល្មើសគ្រឿងញៀន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថភាពជាដើម។ ទី២/ អនុវត្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ទប់ស្កាត់អោយខាងតែបាន មិនអោយមានកំណើននៃកាចរាចរ ការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។ ទី៣/ អនុវត្តយុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទអោយមានប្រសិទ្ធភាព។ ទី៤/ បង្រ្កាបអោយខាងតែបាននូវបទល្មើសព្រៃឈើ ការទន្រ្ទានចូលដែនអភិរក្ស បទល្មើសឆ្លងដែន អំពើរគេចពន្ធ និងបទល្មើសផ្សេងៗទៀត។ ទី៥/ លើកកំពស់វិស័យកសិកម្ម ដោយតម្រូវអោយមន្ទីរកសិកម្មធ្វើសកម្មភាពអោយបានខ្លាំងក្លា លើបច្ចេកទេសកសិកម្ម លើកកំពស់ទិន្នផល និងការកែលម្អគុណភាពដី។ ទី៦/ ស្វែងរកទីផ្សារលក់ផលិតផលកសិកម្មអោយបានល្អជាងឆ្នាំ២០១៨កន្លងទៅ។ ទី៧/ ទំនាក់ទំនងល្អជាមួយខេត្តចាន់បូរី ប្រទេសថៃ សម្រួលដល់ការនាំចេញកសិផលរបស់ខេត្ត។ ទី៨/ ពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកំពស់សោភ័ណភាព អនាម័យ និងបរិស្ថានក្នុងទីក្រុង។ ទី៩/ ពង្រឹងបណ្តាញចែកចាយទឹកស្អាត និងអគ្គីសនីដល់ទីជនបទ។ ទី១០/ ជំរុញការអនុវត្តលើកកំពស់ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក។ ទី១១/ ពង្រឹងការកសាងប្រព័ន្ធធារាសាស្រ្ត អាងស្ទាក់ទឹក ស្តារប្រឡាយ និងសំណង់សីល្បការនានា។

ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់រដ្ឋបាលខេត្តនាពេលកន្លងមក ពិសេសការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ ជម្រុញដល់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមអនុវត្ត នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានម៉ឺងមាំ ​លើកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ។ ត្រូវលុបបំបាត់ភាពអសកម្មនៅក្នុងមូលដ្ឋានកុំឲ្យកើតមានឡើង ដូចជា៖ ល្បែងស៊ីសង ក្មេងទំនើង និងការចរាចរ ប្រើប្រាស់គ្រឿងញៀនជាដើម ដែលបញ្ហាទាំងនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានត្រូវមានការសហការគ្នា ពិសេសចុះមូលដ្ឋានឲ្យបានជាប្រចាំ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ៖ នៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើង អាចប្រឈមទៅនឹងការខ្វះខាត់ទឹកសម្រាប់ប្រើប្រាស់ ហើយកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចណ៍ណែនាំស្តីពីការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ដោយមិនអនុញ្ញាតឲ្យមានការបង្កបង្កើនផលស្រូវប្រាំងជាលើកទី២នោះទេ ដោយត្រូវរក្សាទុកទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុញ្ញាតឲ្យតែដំណាំរួមផ្សំតែប៉ុណ្ណោះ ហើយគ្រប់ស្ថាប័នពាក់ពាក់ព័ន្ធក៏ត្រូវត្រៀមឲ្យបានជាស្រេច ដើម្បីជួយសង្គ្រោះ និងដោះស្រាយទឹកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានមានប្រសាសន៍ជំរាបជូនដល់អង្គសន្និបាតនូវយុទ្ធសាស្រ្តចំនួន៤ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលរួមមាន៖១-ធានាឲ្យបាននូវសេដ្ឋកិច្ចជាតិ អត្រាមធ្យមប្រចាំឆ្នាំក្នុងវង្វង់៧%។ ២-ការបង្កើនការងារឲ្យបានច្រើនទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋ យុវជនមានមុខរបរ មានការងារធ្វើ មានចំណូលក្នុងការផ្គត់ផ្គងជីវភាពគ្រួសារ ។ ៣-សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រឲ្យស្ថិតនៅអត្រាទាប់ជាង១០% និងមិនឲ្យភាពក្រីក្រត្រលប់មកវិញ  និងទី៤-ពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំរើប្រជាពលរដ្ឋ ដឹងសុខ ដឹងទុក្ខរបស់ប្រជាពលរដ្ឋ ៕ ដោយ៖ វួច ពឿន