អភិបាលស្រុកសាលាក្រៅចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងនូវការខូចខាតចំនួន២០ខ្នង ដោយសារខ្យល់កន្ត្រាក់


 

នៅ​ថ្ងៃ​អង្គារ​១៤កើត ខែផល្គុន​ ឆ្នាំចរ​ សំរីទ្ធិ​ស័ក​ ព.ស២៥៦២ ត្រូវ​និង​ថ្ងៃ​ទី​១៩ខែ មីនា​ឆ្នាំ​២០១៩ លោក​ សំ​ សារ៉េត អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​សាលា​ក្រៅ​ រួមដំណើរដោយ លោក​ ទីត​ ធី​ អភិបាល​រង​ស្រុក​ លោក​មេឃុំ​សាលា​ក្រៅ​ លោក​មេភូមិ ព្រមទាំងមន្រ្តីសាលាស្រុកមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យផ្ទះ​ប្រជា​ពលរដ្ឋ​ដែលរងនូវការខូចខាត​ចំនួន​២០ខ្នង ដោយ​សារ​ខ្យល់​កន្ត្រាក់​ កាល​ពីល្ងាចថ្ងៃទី​១៨ ខែ​មីនា​ ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន។

លោក​ សំ​ សារ៉េត បានមានប្រសាសន៍សំដែងការព្រួយបារម្ភចំពោះសុវត្ថភាពរបស់ប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិ ព្រោះថា បច្ចុប្បន្ននេះគ្រោះធម្មជាតិហាក់មានភាពកាចសាហាវជាងមុន។ លោកបានមានប្រសាសន៍ថា បច្ចប្បន្ននេះកាលណាមានភ្លៀងធ្លាក់ តែងនាំមកជាមួយនូវខ្យល់កន្រ្តាក់ ដែលបង្ករភាពអន្តរាយដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយើង។ ជាក់ស្តែង នៅល្ងាចថ្ងៃទី​១៨ ខែ​មីនា​ ឆ្នាំ​២០១៩ នេះ ដោយផ្ទៃមេឃមានភាពអួអារប់ និងមានធ្លាក់ភ្លៀងខ្លះៗ នៅក្នុងខេត្តប៉ៃលិន ក៏កើតមានបាតុភូតខ្យល់កន្រ្តាក់ ធ្វើអោយខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋយើងរហូតដល់២០ខ្នងផ្ទះ។ លោកសំ សារ៉េត ក៏បានណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់  និងរកវិធានការទប់ទល់ជាមួយគ្រោះធម្មជាតិ ពិសេសការពាទប់ស្កាត់ភ្លើងឆេះព្រៃ និងត្រូវមានការសន្សំសំចៃទឹកសំរាប់ប្រើប្រាស់​ព្រោះថា នេះជារដូវរាំងស្ងួត ដែលតាមការព្យាករណ៍ គឺកំដៅនឹងកើនឡើងរហូតដល់ជាង៤០ អង្សា និងអូសបន្លាយរហូតដល់ ២ខែទៀត។ លោកក៏បានណែនាំដល់មន្រ្តីស្រុក ត្រូវប្រមូលព័ត៌មានពីការខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋអោយបានច្បាស់លាស់ សំរាប់រៀបចំជំនួយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋយើង សំរួលដល់ការលំបាកខ្លះៗក្នុងជីវភាពប្រចាំថ្ងៃ៕ ដោយ៖ វរ វណ្ណា