ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំមន្ត្រីរាជការសម្អាតនៅទីសាធារណៈក្នុងទីរួមខេត្ត ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យសាធារណៈ ដើម្បីបង្កើនសោភ័ណភាពទីក្រុងឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិខ្មែរបានបញ្ចប់។

លោក ផាន់ ចាន់ធុល បានមឆនប្រសាសន៍ថា៖ ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវសម្អាតបរិស្ថាននៅជុំវិញផ្ទះអោយបានល្អ ហើយក៏ត្រូវចូលរួមសំអាតនៅតាមដងផ្លូវសាធារណៈ តាមមុខផ្ទះរបស់ខ្លួនអោយបានល្អផងដែរ ហើយក៏មិនត្រូវបោះសំរាមចូលក្នុងលូទឹក តែត្រូវទុកដាក់សំរាមអោយបានល្អ មានសុវត្ថភាពសំរាប់ក្រុមហ៊ុនដឹកដំរាមយកទៅចាក់ចោលនៅទីកន្លែងមានសុវត្តភាព។

សូមបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាននេះ មានការចូលរួមសហការពីក្រុមហ៊ុនអនាម័យខេត្ត ដោយប្រើប្រាស់រថយន្តដឹកសម្រាមចំនួន ៣គ្រឿង និងរថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង ដើម្បីបាញ់លាងសម្អាតផ្លូវថ្នល់ក្នុងទីរួមខេត្ត ឱ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ៕ វួច ពឿន