ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងភូមិភ្នំកុយ


ថ្ងៃសៅរ៍៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការបារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តការិយាល័យតំណាងរាស្រ្ត បានចុះពិនិត្យ ព្យបាលជំងឺ និងផ្តល់វ៉ែនតា ដល់ចាស់ជរា ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅភូមិសាស្រ្តស្រែម្អម ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការពិនិត្យព្យាបាល និងផ្តល់កញ្ចក់វ៉ែនតាជូនប្រជាពលរដ្ឋនេះ បាប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយក្រុមគ្រូពេទ្យជំនាញ និងមានរថយន្តបរិក្ខាពេទ្យដ៏ទំនើបមួយគ្រឿងដែលជាជំនួយរបស់រដ្ឋភិបាលចិន ចូលរួមក្នុងសកម្មភាពពិនិត្យ និងព្យាបាលនេះផងដែរ។ ក្នុងរយៈពេលមួយថ្ងៃនេះ មានប្រជាពលរដ្ឋ ក្មេងចាស់ ប្រុស ស្រី សរុបចំនួន ៤៧៧នាក់ បានមកទទួលការពិនិត្យព្យាបាល ដោយទឹកចិត្តត្រេកអរ និងសេចក្តីសង្ឃឹមជឿជាក់នឹងបានជាសះស្បើយពីជំងឺ និងទទួលបាននូវវ៉េនតាថ្មីមួយដែលសមស្របទៅនឹងបញ្ហាភ្នែករបស់ពួកគាត់។

សូមបញ្ជាក់ថា៖ ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានធ្វើឡើងរៀងរាល់ថ្ងៃសៅរ និងថ្ងៃអាទិត្យ ដោយមានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការបារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីថ្លែងអំណគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ដូចជាការគាំទ្រលោកជំទាវផ្ទាល់ជាតំណាងរាស្រ្តសំរាប់អាណត្តទី៦នេះ។ ពិសេសគឺដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការលើកកំពស់បញ្ហាសុខភាព ដែលជាបញ្ហាសំខាន់សំរាប់ជីវិតមនុស្សម្នាក់ៗ កាត់បន្ថយការចំណាយលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកកំពស់ជីវភាពគ្រួសារប្រជាពលរដ្ឋយើងផងដែរ៕

ដោយ៖ វួច ពឿន