ផ្ទះចំនួន៣ខ្នង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា  ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួសុខទុក្ខ និងប្រគល់ផ្ទះចំនួន ៣ខ្នង ជូនដល់អតីតយុទ្ធជនចំនួន ៣គ្រួសារ ស្ថិននៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម គន់ គីម បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខ និងការលំបាករបស់បងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់ប្រាក់របបគោលនយោបាយ ការផ្តល់ដីសម្បទានសម្រាប់សាងសង់លំនៅដ្ឋាន និងដីបង្ករបង្កើនផលដល់អតីតយុទ្ធជន ដែលមានការខ្វះខាត ព្រមទាំងបានដំឡើងប្រាក់គោលរបបផ្សេងៗ ដូចមន្រ្តីរាជការដែលកំពុងបម្រើការងារផងដែរ។ លើសពីនេះ សម្តេចក៏បានជួយសាងសង់ផ្ទះសម្បែង និងឧបត្ថម្ភថវិកា ស្បៀង អាហារ ជាបន្តបន្ទាប់ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាគ្រោះមហន្តរាយដោយអគ្គីភ័យ និងការថែ​រ​ក្សាសុខភាពរបស់ខ្លួនអោយបានល្អមានអនាម័យក្នុងការរស់នៅ ហើយបើសិនមានអាការៈមិនស្រួលក្នុងខ្លួន ឬសង្ស័យថាខ្លួនកើតជំងឺ ត្រូវយកប័ណ្ណប.ស.ស ទៅមន្ទីពេទ្យរដ្ឋដែលនៅជិត ដើម្បីធ្វើការពិនិត្យព្យាបាលដោយអត់គិតថ្លៃ។

សូមបញ្ជាក់ថា៖ ផ្ទះចំនួន ៣ខ្នងអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន ចំនួន៣គ្រួសារ  ដែលរួមជាមួយនូវថវិកាចំនួន ៥០ម៉ឺនរៀល អង្គ៥០គីឡូ មី១កេះ ទឹកត្រី១យួ ត្រីខ១យួ ទឹកសាអីវ១យួ ភួយ១  ម៉ុង១ កន្ទេល១ ទឹកសុទ្ធចំនួន០៣កេះ នឹងទឹកដោះគោ ១យួរផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន