គ.ជ.អ.ប រៀបចំសិក្ខាសាលាការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក


​(26-01-2017) ប៉ៃលិន៖ នៅ​សាលា​ខេត្ត​ប៉ៃលិន​ថ្ងៃ​ទី២៦​មករា​ឆ្នាំ​២០១៧​ បាន​រៀប​ចំ​បិទ​សិក្ខា​សាលា​ស្តីពី​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​សំរាប់​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក ​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​ផាន់​ ចាន់​ធុល​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​និង​មន្រ្តី​មូល​ដ្ឋាន​ផង​ដែរ​។​

​សិក្ខា​សាលា​នេះ​មាន​រយះ​ពេល​ ០២ថ្ងៃ​ ចាប់​ពីថ្ងៃ​ទី ២៥ ​ដល់​ព្រឹក​ថ្ងៃ ​២៦​ ខែ​មករា​ ឆ្នាំ​២០១៧​ ក្នុង​គោល​បំណង​ដើម្បី​អោយ​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ យល់​ដឹង​ពី​តួនាទី​សំខាន់​ៗ​របស់​អ្នក​ពាក់​ព័ន្ធ​នានា​នៅ​ក្នុង​សកម្ម​ភាព​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​ក៏​ដូច​ជា​ការ​ផ្សារ​ភ្ជាប់​និង​ជំរុញ​កិច្ច​សហការ​រវាង​អ្នក​ពាក់​ព័ន្ធ​នានា​ដើម្បី​ចូល​រួម​រំលែ​កបទ​ពិសោធន៍ ​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម ​ទស្សនៈ​នានា ​និង​ផែន​ការ​របស់​អ្នក​ពាក់​ព័ន្ធ​នីមួយៗ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​មូល​ដ្ឋាន​នា​ពេល​អនាគត់​។ ​ម្យ៉ាង​វិញ​ទៀត​សិក្ខា​សាលា​នេះ​ក៏​ដើម្បី​អោយ​មាន​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រមូល​ទិន្នន័យ​និង​ព័ត៌​មាន​ផ្សេងៗ​នៅ​តាម​មូល​ដ្ឋាន​និង​សហ​គមន៍​នីមួយៗ​កាន់​តែ​រហ័ស​ហើយ​ច្បាស់​លាស់​ ព្រោះ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​និង​ទិន្ន​ន័យ​របស់​ក្រុម​ប្រឹក្សា​ក្រុង​និង​ស្រុក​ហាក់​នៅ​មាន​ការ​ខ្វះ​ចន្លោះ​នៅ​ឡើយ​ជា​ហេតុ​ធ្វើ​អោយ​បញ្ហា​កើត​មាន​ជា​បន្ត​បន្ទាប់​ពិបាក​ប្រមូល​ផ្តុំ​ផង​ដែរ​។​ ក្នុង​សិក្ខា​សាលា​នេះ​ក្រុម​ប្រឹក្សា​ក្រុង ​និង​ក្រុម​ប្រឹក្សា​ស្រុក​ និង​សមា​ជិក​ដែល​ពាក់​ព័ន្ធ​ចូល​រួម​ក៏​បាន​ធ្វើ​សំណួរ​ពិភាក្សា​បញ្ហា​ចម្បង​និង​ផែនការ​ដើម្បី​អភិវឌ្ឍន៍​មូល​ដ្ឋាន​ផង​ដែរ​។​

​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ សិក្ខា​សាលា​ ដែល​គណៈ​កម្មាធិការ​ជាតិ​សំរាប់​ធ្វើ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ គ​.ជ​.អ​.ប​ ដើម្បី​កម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​ សម្រាប់​ក្រុម​ប្រឹក្សា​ក្រុង​ និង​ក្រុម​ប្រឹក្សា​ស្រុក ​ នា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ព្រោះ​វា​បាន​ចែក​រំលែក ​និង​ឆ្លុះ​បញ្ជាំង​បទ​ពិសោធន៍​ជោគ​ជ័យ ​និង​បញ្ហា​ប្រឈម​នានា ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​សកម្មភាព​ដែល​អស​កម្ម​មួយ​ចំនួន​ ហើយ​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​មាន​តួនាទី​សំខាន់​ក្នុង​ការរៀប​ចំ​ព័ត៌​មាន​ទូទៅ​ស្តីពី​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​។​ ម្យ៉ាង​វិញ​ទៀត​ក្រុង​ស្រុក​គួរ​លើក​កម្ពស់​ការងារ​ដល់​ស្ត្រី​អោយ​បាន​ច្រើន​ដើម្បី​លើក​កំពស់​យេន​ឌ័រ​និង​បទ​ពិសោធន៍​ការងារ​ថ្មីៗ​ដែល​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៀត​ផង​។​ ដូច្នេះ​តាម​រយះ​សិក្ខា​សាលា​នេះ​សមា​ជិក​សមា​ជិការ​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ និង​មន្ត្រី​នៅ​មូល​ដ្ឋាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិតខំ​ប្រមូល​ព័ត៌មាន​និង​ទិន្ន​ន័យ​ផ្សេងៗ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដើម្បី​ជួយ​ដោះ​ស្រាយ​ជូន​ពួក​គាត់​អោយ​បាន​ទាន់​ពេល​វេលា​។​

cpp-26-01-2017-001 cpp-26-01-2017-002 cpp-26-01-2017-003 cpp-26-01-2017-004vv

[youtube id= “ZsMKbtvTrUc”]