គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដោយមានសមាជិក សមាជិការចូលរួមជិត១ម៉ឺននាក់


ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នេះ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដោយមានការជួបជុំសមាជិក សមាជិកាបក្សដែលមកពីឃុំសង្កាត់ទាំង៨ទូទាំងខេត្តប៉ៃលិនប្រមាណជិត១ម៉ឺននាក់ នៅទីស្នាក់ការគណបក្សបក្រជាជនកម្ពុជាខេត្ត ។ ពិធីបិតយុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត និង លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត និងជាបេក្ខជនតំណាង  រាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្តគ្រប់ជាន់ថ្នាក់ផងដែរ។

បន្ទាប់ពីអង្គពិធីបានស្តាប់សេចក្តីថ្លែងការណ៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំពីគោលនយោបាយរបស់គណបក្សសម្រាប់ដឹកនាំប្រទេសជាតិ អាណត្តិទី៦ រួចមក ឯកឧត្តម អ៊ី ឈាន បានប្រសាសន៍ថា៖ ថ្ងៃនេះឯកឧត្តមមានសក្ខីភាពរីករាយណាស់ ដោយមើលឃើញបងប្អូនកូនក្មួយស្រឡាញ់ គាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ​​​​ដែលបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ស្របទៅតាមបំណងប្រាថ្នាដ៏ពិសេសរបស់ប្រជាជនកម្ពុជា ព្រមទាំងបាននាំមកជូនប្រជាជននូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ។ ឯកឧត្តមបានបន្តថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង និងជាគណបក្សដឹកនាំចលនាតស៊ូ របស់ប្រជាជនប្រឆាំងបរទេសឈ្លានពាន ដើម្បីឯករាជ្យជាតិ ជាកម្លាំងនយោបាយតែ១គត់ ដែលដឹកនាំប្រយុទ្ធផ្តួលរំលំរបបប្រល័យពីជសាសន៍ប៉ុលពត ដើម្បីសង្រ្គោះជាតិឲ្យមានជីវិតឡើងវិញ និងជាគណបក្សដែលបានដឹកនាំការពារមាតុភូមិឲ្យស្ថិតស្ថេរគង់វង្ស ការពារមិនឲ្យមានការវិល ត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើនរហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា បានធ្វើជាស្នូល នៃសាមគ្គីភាពជាតិទាំងមូល ហើយដឹកនាំប្រទេសជាតិឲ្យឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ។ នេះជាកត្តានៃជ័យជម្នះ ក្នុងការដឹកនាំរំដោះជាតិ ព្រមទាំងការពារជាតិគ្រប់កាលៈទេសៈ ដោយមានការគាំទ្រដ៍រឹងមាំពីប្រជាពលរដ្ឋ ហើយមានធនធានមនុស្សដ៏សំបូរបែប ប្រកបដោយសមត្ថភាព មនសិកាស្នេហាជាតិយ៉ាងពិតប្រាកដ។ ដូច្នេះ សូមពុកម៉ែកូនក្មួយទាំងអស់អញ្ជើញ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានគ្រប់ៗគ្នា»៕

សូមបញ្ជាក់ថា៖ បន្ទាប់ពីប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរួចមក ឯកឧត្តម អ៊ី ឈាន បានដឹកនាំសមាជិកសមាជិកាបក្ស រៀបចំក្បួនដង្ហែនៅទូទាំងខេត្ត ដែលមានសមាជិកសមាជិកា ចូលរួមចំនួន ៨១៣៥ នាក់ រថយន្តចំនួន៦១២គ្រឿង ម៉ូតូចំនួន ១៣៨៥គ្រឿង និងកង់ ចំនួន ៧២គ្រឿង ដើម្បីបន្តឃោសនាអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជន នៅតាមឃុំសង្កាត់ទាំង៨ទូទាំងខេត្តប៉ៃលិន៕ វួច ពឿន