មណ្ឌលវិបស្សនាខេត្តប៉ៃលិនបើកវគ្គសមថកម្មដ្ឋាន សមាទានធុតង្គ


នៅមណ្ឌលវិបស្សនាខេត្តប៉ៃលិន មានធ្វើពិធីបើក​វគ្គ​សមថ​កម្ម​ដ្ឋានសមាទានធុតង្គ  រយៈពេល១០ថ្ងៃដោយមានព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមចំនួន១២៥ អង្គ /នាក់ ។ ពិធីបើកវគ្គនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ សោមុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន ព្រមទាំង លោក លោកស្រី ​ប្រធាន អនុ​ប្រធានមន្ទីរមន្រ្តីរាជការមួយចំនួនទៀតផងដែរ។

លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិនបានឱ្យដឹងថា៖​ ការបើកវគ្គសមថកម្មដ្ឋាននៅពេលនេះ គឺធ្វើឡើងដើម្បីអប់រំផ្លូវចិត្ត និងស្វែងយល់ពីសេចក្តីស្ងប់ក្នុងចិត្តតាមរបៀបវិបស្សនាធុរៈ។

លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ការធ្វើសមថកម្មដ្ឋាន វិប្បសនាធុរៈ ពិតជាមានសារៈប្រយោជន៍ណាស់សំរាប់ព្រះសង្ឃ សីលវន្ត សីលវតី ប្រជាពុទ្ធបរិស័ទទាំងអស់ ក្នុងការស្វែងយល់ពីព្រះធម៌ ការប្រតិប័ត្តនូវព្រះធម៌ដ៏ល្អផូផង់របស់ព្រះសមាសម្ពុទ្ធ ក្នុងការសម្អាតចិត្តអោយស្អាត ចំរើនមេត្តាយកនូវអានិសង្ស បុណ្យកុសល។ លោកជំទាវក៏បានមានប្រសាសន៍ជូនពរសូមអោយសិក្ខាកាមទាំងអស់ សូម  អោយឆាប់មានការយល់ដឹងពីធម៌ដ៏ល្អបរិសុទ្ធ និងសម្រេចបាននូវមគ្គផលរៀងៗខ្លួន ដើម្បូជាការរួមចំណែកដល់អភិវឌ្ឍន៍វិស័យសាសនាអោយមានការរីកចំរើន។

បើតាមការបញ្ជាក់ពីព្រះធម្មបទីបោ អ៊ា សុផន ព្រះមេគណស្តីទីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបើកវគ្គសមថកម្មដ្ឋានរយៈពេល ១០ថ្ងៃនេះ មានព្រះសង្ឃ សីលវន្ត សីលវតី ចូលរួមចំនួន១២៤ អង្គ នាក់ ក្នុងនោះមាន​ព្រះសង្ឃចំនួន ៤៥ អង្គ ,សីលវ័ន្ត ២នាក់ ,សីល វតី១៤នាក់ ,ឧបាសក ១០នាក់ ,ឧបាសិកា ២៩នាក់  និង កុមារីកុមារា ២៤នាក់ ៕ វួច ពឿន