ក្រសួងមុខងារសាធារណៈបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ និង៧៨៩ ស.មសណន និងបទដ្ឋានគត្តិយុត្តពាក់ព័ន្ធជូនមន្រ្តីរាជការស៊ីវិល


ថ្ងៃព្រហស្បតិ៍ ៩រោច ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈ សហការជាមួយមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក, សេចក្តីណែនាំលេខ៧៨៨ និង៧៨៩ ស.ម សណន និងបទដ្ឋានគត្តិយុត្តពាក់ព័ន្ធជូនដល់មន្រ្តីរាជការស៊ីវិលនៅក្នុងខេត្តប៉ៃលិន។ សិក្ខាសាលានេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ សិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានោះមាន៖ លោកអភិបាលក្រុង ស្រុក លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការសរុបប្រមាណ១០០នាក់។

មានប្រសាសន៍សំណេះសំណាលបើកអង្គសិក្ខាសាលា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សំរាប់អោយមន្រ្តីរាជការស៊ីវិលក្នុងខេត្តប៉ៃលិនទាំងអស់ បានយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបន្តថា៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក​ខ័ណ្ឌ បានផ្តល់នូវក្របខ័ណ្ឌកត្តិយុត្តអោយរាជធានី ខេត្តក្រុង ស្រុក​ខ័ណ្ឌ ដែលជានិតិបុគ្គលសាធារណៈត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីបង្កើត ជំរុញនិងធ្វើអោយមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្របសម្រួលនូវសកម្មភាពរដ្ឋបាលសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមមានប្រសាសន៍បន្តទៀតថា៖ តាមរយៈសិក្ខាសាលា នាពេលនេះមន្រ្តីរាជការខេត្តប៉ៃលិននឹងបានយល់អំពីខ្លឹមសារនៃអនុក្រឹត្យលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ និង៧៨៩ ស.មសណន ហើយយកទៅអនុវត្តអោយទទួលបាលលទ្ធផលល្អប្រសើ។

ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា៖ អនុក្រឹត្យលេខ២៤០ អនក្រ.បក គឺនិយាយអំពីការធ្វើប្រតិភូកម្មសិទ្ធអំណាចអោយទៅគណអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។ សេចក្តីណែនាំលេខ៧៨៨ ស.ម សណន គឺស្តីអំពីគោលការណ៍​ និងនិតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួង ដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។ ចំណែកសេចក្តីណែនាំលេខ ៧៨៩ ស.មសណន  គឺស្តីអំពីគោលការណ៍ បែបបទ និងនិតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្នុងសិក្ខាសាលានាពេលនេះ ឯកឧត្តម ដែលជាវាគ្មិនជំនាញមកពីក្រសួងមុខងារសាធារណៈ នឹងពន្យល់ លើកអំណះអំណាងបញ្ជាក់ ដើម្បីធ្វើយ៉ាងណាអោយមន្រ្តីរាជការស៊ីវិលខេត្តប៉ៃលិនបានយល់ជ្រាបច្បាស់ពីខ្លឹមសារនៃអនុក្រឹត្យ និងសេចក្តីណែនាំនេះ សំរាប់ការអនុវត្តអោយទទួលបាលលទ្ធផលល្អប្រសើ។

សូមបញ្ជាក់ថា៖ សិក្ខាសាលានេះបានប្រព្រឹត្តទៅពេញមួយព្រឹក ដោយមានមន្រ្តីរាជការដែលជាសិក្ខាកាមបានសាកសួរសំនួរយ៉ាងផុលផុស ដោយការចាប់អារម្មណ៍ ចង់ដឹង ចង់ចេះគ្រប់ៗគ្នា៕ ដោយ វួច ពឿន