រដ្ធបាលខេត្តប៉ៃលិនប្រជុំរៀបចំសង្ក្រានប៉ៃលិនសំរាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


រសៀលថ្ងៃចន្ទ ទី១៨ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការរៀបចំសង្រ្គានឆ្នាំថ្មី បានជួបប្រជុំជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធ ដែលជាសមាជិកនៃគណកម្មាការ នៅសាលាខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំសង្រ្គានឆ្នាំថ្មី ឆ្នាំ២០១៩ សម្រាប់ខេត្តប៉ៃលិន។

ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖​ នៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តនឹងរៀបចំសង្រ្កានឆ្នាំថ្មីនៅមាត់ស្ទឹងតារាប ចំណុចគល់ស្ពានតារាប ក្នុងសង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនិងប្រជាពលរដ្ឋខេត្តប៉ៃលិន បានរីករាយលេងកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍ថា មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវចូលរួមនៅក្នុងការរៀបចំសង្រ្កានឆ្នាំថ្មីនេះអោយបានអធិកអធម និងអោយមានដំណើរការរលូនល្អ បង្កភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋយើងទាំងអស់។ ក្នុងនោះដែរ ត្រូវមានការដាក់តាំងនូវរទេះគោបុរាណ ផ្លែចេកទាំងស្ទង ផ្លែដូងទាំងធ្លាយ ផ្លែត្នោត និងផ្លែស្លាជាដើម។ ចំណែកឯរបាំវិញ មានដូចជារបាំគ្រុឌ របាំកង្ងោកប៉ៃលិន របាំរែងត្បូង និងរបាំគោះត្រឡោក និងរៀបចំអោយមានការលេងល្បែងប្រជាប្រិយ ដូចជាល្បែងទាញព្រាត់ បោះអង្គុញ ចោលឈូង លោតបាវ បូមទឹកដាក់ដប វៃក្អម និងលាក់កន្សែងជាដើម។ ពេលរាត្រីក៏មានការប្រគុំតន្រ្តីសម្រាប់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ រាំលេងកម្សាន្តផងដែរ៕ ដោយ៖ ជា ពន្លក