ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន


ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមដោយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តមអភិបាលរងខេត្ត បានជួបប្រជុំសំណេះសំណាលជាមួយសមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនចំនួន៦៦១នាក់ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រុមការងារយុវជន សសយក ខេត្តប៉ៃលិនបានរៀបចំរចនាសម្ព័ន្ធចាត់តាំង តាំងពីថ្នាក់ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន១,៥៣៩រូប ស្រី៤៤៤រូប និងសមាជិក សមាជិការគាំទ្រនៅមូលដ្ឋានចំនួន១០,៩៧០នាក់ ស្រីចំនួន៥,៣៨៥នាក់។ លោកជំទាវបានមានប្រសាសន៍បន្តថា៖ សសយក ខេត្តប៉ៃលិនបានអនុវត្ត និងប្រតិប័ត្តយ៉ាងខ្ចប់ខ្ជួនតាមវិស័យ រួមមានៈ វប្បធម៌ ប្រវត្តសាស្រ្ត សាសនា កិច្ចការសង្គម ការងារមនុស្សធម៌ និងជម្រុញការអប់រំ រួមមានដូចជាៈ ចុះជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងអ្នកជម្ងឺ។ ជួយជួសជុល កសាងលំនៅដ្ឋានដល់ប្រជាពលរដ្ឋខ្វះខាត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។ ជួយប្រមូលផលរល់ប្រជាពលរដ្ឋជាប្រចាំនៅពេលប្រជាពលរដ្ឋខ្វះកំលាំងពលកម្ម។ ចូលរួមសំអាតបរិស្ថាន និងដាំកូនឈើឡើង វិញ។ បើកវគ្គបំប៉នជូនសិស្សានុសិស្សត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិ និងចូលរួមសង្កេតការប្រលង។ ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់និទ្ទេស A ,B និង C  និងផ្តល់អាហារូបករណ៍ដល់សិស្សដែលខ្វះលទ្ធភាពទៅបន្តការសិក្សានៅថ្នាក់ឧត្តម។ ជួយបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់យុវជន។ បណ្តុះបណ្តាលសមាជិក សមាជិការ សសយក ដោយចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សានៅថ្នាក់ជាតិ និងអន្តរជាតិ។ ចូលរួមសង្កេតការ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ចូលរួមសម្របសម្រួល និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម អ៊ី ឈាន ពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរៀងរាល់ខែ។ ចូលរួមរៀបចំអង្គរសង្រ្កាន្តរៀងរាល់ឆ្នាំ ពិសេសឆ្នាំនេះបានធ្វើព្រឹត្តការណ៍ សង្រ្កាន្តប៉ៃលិននៅមាត់ស្ទឹងប៉ៃលិន បង្ករភាពសប្បាយរីករាយជូនភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បង្ហាញពីវឌ្ឍនភាព និងសក្តានុពលរបស់ខេត្ត ព្រមទាំងកោតសសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធាន កន្លងមកបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសការងារមនុស្សធម៌ និងសកម្មភាពសង្គមនានា។

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះ យុវជន សសយក ខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ប្រធានយុវជន សសយក ខេត្ត ដែលបានរួមចំណែកក្នុងការបំពេញការងារមនុស្សធម៌ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ សូមថ្លែងអំណគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ ការចូលរួមចំណែក របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការបង្ករលក្ខណៈងាយស្រួលដល់ សសយក ខេត្តប៉ៃលិន ដើម្បីមានលទ្ធភាពធ្វើសកម្មភាពការងាររបស់ខ្លួនដោយជោគជ័យ ទទួលបានលទ្ធផលល្អប្រសើរ និងចូលរួមអោយកាន់តែសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ មាតុភូមិ អោយក្លាយជាប្រទេសរីកចំរើនដូចបណ្តាប្រទេសជឿនលឿននៅទូទាំងពិភពលោក។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហាញពីផែនការ ទ្រី ស៊ី (3C) សម្រាប់អនាគត់នៃកម្ពុជា គឺ C1: ប្រជាជនខ្មែរតែមួយ មានៈ ការពារព្រលឹងជាតិ , រក្សាអត្តសញ្ញាណជាតិ, លើកតំកើតវប្បធម៌ ប្រពៃណី និងប្រវត្តសាស្រ្ត ។ C2: ប្រជាជនប្រកបដោយសមត្ថភាព មានៈទទួលយកការអប់រំពេញមួយជីវិត, អភិវឌ្ឍទេព្យកោសល្យ និងជំនាញប្រចាំជីវិត, ពង្រីកគំនិតច្នៃប្រឌិត ឧវានុវត្តន៍ និងការប្រគួតប្រជែង។ C3: ប្រជាជនពោពេញដោយធម៌ មានៈ ប្រកាន់ខ្ចប់គុណធម៌ ព្រហ្មវិហារធម៌ សណ្តោសប្រណី សាមគ្គីធម៌, សាងឥរិយាបទវិជ្ជមាន, លើក    កំពស់គុណតម្លៃគ្រួសារ និងសង្គម។ ឯកឧត្តមក៏បានសូមណែនាំដល់សមាជិក សមាជិការ សសយក ខេត្តប៉ៃលិនទាំងអស់ សូមខិតខំសិក្សារៀនសូត្រ លត់ដំខ្លួន ក្នុងចលនាប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត់ ដែលមានស្មារតីស្នេហាជាតិបរិសុទ្ធមានសមត្ថភាព គុណភាព មានឆន្ទះមោះមុតក្នុងការថែរក្សារាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី អោយបានរឹងមាំនៅគ្រប់ស្ថានភាព គ្រប់កាលៈទេសៈទាំងអស់៕

ដោយ៖ វួច ពឿន